ព្រះស្ដេចកនគំហើញថ្មី Wednesday, January 7, 2026
២. ព្រឹត្តិការណ៍ព្រះស្ដេចកន
របកគំហើញថ្មីរបស់សាស្ត្រាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ
ការសិក្សាស្រាវជ្រាវអំពីប្រវត្តិព្រះមហាក្សត្រខ្មែរទី៣៩ ព្រះស្រីជេដ្ឋាព្រះស្ដេចកន បានធ្វើឲ្យយើងមានការកត់សម្គាល់ ការឆ្ងល់ ការចោទជាសំណួរច្រើនដែលគ្មានចម្លើយ ហើយនៅតែរក្សាអាថ៌កំបាំងចាក់ស្រេះងងឹត ពុំអនុញ្ញាតឲ្យយើងស្គាល់ជាក់ច្បាស់អំពីអតីតកាលឡើយ ។
ពីព្រោះអ្វីជាមូលដ្ឋាននៃការស្រាវជ្រាវស្ថិតនៅលើឯកសារប្រវត្តិសាស្ត្រ ដែលបានសរសេរដោយអ្នកឈ្នះគឺមន្ត្រីរាជការ កវីនិពន្ធស្ថិតនៅក្រោមឱវាទបទបញ្ជារបស់ព្រះមហាក្សត្រសោយរាជ្យបន្ត នៅកម្ពុជា ។ ក្រៅអំពីនោះ យើងពុំមានឯកសារផ្សេងទៀតអាចជាជំនួសបានឡើយ ។
ឯការចុះទៅដល់ទីកន្លែងទឹកដីរាជធានីព្រះស្ដេចកន៤០០ឆ្នាំជាងក្រោយ ព្រឹត្តិការណ៍ គ្រាន់តែជាការស្រាវជ្រាវបន្ថែម ស្វែងរកយល់ព្រឹត្តិការណ៍ខ្លះ អនុស្សាវរីយ៍ដែលនៅសេសសល់អំពីរជ្ជកាលព្រះស្រីជេដ្ឋាព្រះស្ដេចកនតែ ប៉ុណ្ណោះ ។
ដូច្នេះយើងបានចងក្រងជាឯកសារបន្ថែមខ្លះទៀតទៅលើអ្វីជាពង្សាវតារខ្មែរដែលធ្លាប់មាន ។
ឯកសារពង្សាវតារខ្មែរ
ឯកសារពង្សាវតារខ្មែរទូទៅ ជាស្នាដៃនិពន្ធមួយដែលគេសរសេររៀបរាប់ អួត កោតសរសើរអំពីព្រះមហាក្សត្រ ។ អ្វីដែលមិនល្អ ឬអាក្រក់ គេមិនលើកយកមកនិយាយទេ ។ ឯកសារពង្សាវតារខ្មែរមានច្រើនប្រភេទណាស់ដែលយើងមិនលើកលម្អិតមក សិក្សាវែកញែកទេ ។
លក្ខណៈទូទៅ
ជាទូទៅ ព្រះរាជពង្សាវតារខ្មែរត្រូវបានសរសេរឡើងក្រោមការត្រាស់បង្គាប់ពី ព្រះមហាក្សត្រដែលចង់ឲ្យកវីនិពន្ធ នាម៉ឺនមុខមន្ត្រី អួតសរសើររម្លឹកគុណបុណ្យបារមីព្រះមហាក្សត្រទាំងឡាយដែលបន្ត វង្សត្រកូលរៀងមក ។
ដូច្នេះ កវីនិពន្ធទាំងនោះត្រូវដឹងអំពីតួនាទីរបស់ខ្លួន ហើយត្រូវប្រើពាក្យពេចន៍ដូចម្ដេចឲ្យបានសមរម្យ កុំប៉ះពាល់ដល់របបរាជានិយម និងស្ដេចទាំងពួង ។ ពាក្យមួយម៉ាត់ៗដែលគេប្រើឈ្មោះព្រះមហាក្សត្រ និងគោរម្យងារ គេតែងផ្ចិតផ្ចង់តម្រង់មិនហ៊ានឲ្យខុសឡើយ ។ អ្វីៗដែលទាក់ទងទៅនឹងព្រះរាជាភិសេក ការលើកពលរេហ៍សេនាដង្ហែព្រះមហាក្សត្រ គេមិនបានបំភ្លេចទេ គេលើកយកមកពណ៌នាយ៉ាងល្អិតល្អន់ឥតខ្ចោះ ។ តែអ្វីដែលជារឿងសៅហ្មងមិនល្អ គេបែរជាពុំហ៊ានលាតត្រដាង ឬពន្យល់រកហេតុផលឲ្យបានក្បោះក្បាយឡើយ ។
កវីនិពន្ធព្រះរាជពង្សាវតារខ្មែរមានចែកជាពីរក្រុម ឬពីរប្រភេទ ៖ ពួកនាម៉ឺនមន្ត្រីរាជការ និងព្រះសង្ឃ ។
ស្នាដៃនិពន្ធរបស់មន្ត្រីរាជការ ប្រើពាក្យពេចន៍សម្អិតសម្អាងទៅតាមប្រពៃណីស្ដេច ដោយគ្មានភ្លេចមួយប្រយោគណាទេ ។ ការនិពន្ធរបស់ពួកគេ មានលក្ខណៈជាសង្ខេបអំពីព្រឹត្តិការណ៍ផ្សេងៗ ។ ក្នុងនោះគេក៏មិនភ្លេចឆ្លៀតបញ្ចូលតួនាទី និងវត្តមានដ៏សំខាន់របស់មន្ត្រីរាជការដែរ ។ ជាក់ស្ដែងមានពង្សាវតាររបស់គណៈកម្មការសម្ដេចវាំង ជួន ។
ចំណែកខាងព្រះសង្ឃវិញ ដូចជាពង្សាវតារវត្តទឹកវិល លោកមិនភ្លេចពាក្យពេចន៍ស្ដេចនោះទេ តែការប្រើពាក្យទាំងនោះមិនសូវបានល្អ ឬសមស្រប ។ ព្រះសង្ឃលោកច្រើនសង្កត់ទៅផ្នែកលម្អិត ហើយមានបន្ថែមនូវព្រឹត្តិការណ៍សំខាន់ៗច្រើនទាក់ទងទៅនឹងមេទ័ព មន្ត្រីធំៗដែលជាវីរជនស្នេហាជាតិ ឬអ្នកបះបោរប្រឆាំងទៅនឹងសង្គមជាតិ ប្រពៃណី ជំនឿ និងដីភូមិ ។
នៅទីបំផុតអ្នកទាំងនោះ ទាំងអ្នកមានបុណ្យ និងមនុស្សអាក្រក់ សុទ្ធតែបានទទួលការបង្ហាត់បង្រៀន ទូន្មាន រៀនសូត្រពីព្រះសង្ឃ ដូចជា ព្រះស្ដេចកនជាដើម ។
បញ្ហាវិធីសាស្ត្រនិពន្ធប្រវត្តិព្រះស្ដេចកន
ក្នុងផ្នែកវិធីសាស្ត្រនិពន្ធរៀបរាប់អំពីប្រវត្តិរជ្ជកាលព្រះស្រីជេដ្ឋា ព្រះស្ដេចកន ពង្សាវតារខ្មែរជាទូទៅ ប្រើពាក្យសម្ដីត្រឹមត្រូវតាមពាក្យស្ដេចទាំងអស់ ពុំហ៊ានប្រើពាក្យមិនសមរម្យដើម្បីវាយប្រហារទៅលើរូបព្រះអង្គ ឡើយ ។
ប៉ុន្តែយើងកត់សម្គាល់ឃើញកវីនិពន្ធទាំងនោះ ហាក់បីដូចជាមានការពិបាកច្រើនក្នុងការសរសេរ ។ មួយត្រូវគោរពបម្រើផលប្រយោជន៍ លើកគុណបារមីកិត្តិយស ឫទ្ធីអនុភាពវង្សត្រកូលក្សត្រ និងមួយទៀតត្រូវលើកអំពីបុណ្យបារមីរបស់ព្រះស្ដេចកនយកមកអធិប្បាយ កុំឲ្យមានខ្វះខាតភ្លេចព្រឹត្តិការណ៍សំខាន់ៗ ។
ក្រុមមន្ត្រីក្នុងវាំង ដូចជា គណៈកម្មការសម្ដេចវាំង ជួន បានសរសេរដាក់បន្ថែមថា ព្រះអង្គជាស្ដេចជ្រែករាជ្យ ។ ពាក្យក្បត់ គេពុំឃើញអ្នកនិពន្ធលើកយកមកប្រើសម្រាប់ចង្អុលទៅព្រះស្ដេចកន ឡើយ ។ តែគណៈកម្មការក្រុមមន្ត្រី ពុំហ៊ានលើកអំពីគុណសម្បត្តិ និងបុណ្យបារមីភាពអច្ឆរិយៈរបស់ព្រះស្ដេចកនទេ ។
ពង្សាវតារសម្ដេចវាំង ជួន បានត្រឹមតែសរសេរអំពីបុណ្យបារមីព្រះអង្គនៅផ្នែកដើមគឺក្នុងខណៈ ដែលព្រះសង្ឃសត្ថាបានសុបិន ។ បន្ទាប់មកការប៉ិនប្រសប់ក្នុងការបាញ់ធ្នូម្ដង៥ និងប្រាជ្ញាវាងវៃភ្លឺថ្លារបស់ព្រះអង្គក៏ត្រូវបានបកស្រាយបង្ហាញ ផងដែរ តែបន្តបន្ទាប់មក គេពុំបានបកស្រាយលើកសរសើរឲ្យតម្លៃទេ ។ បន្តិចម្ដងៗ យើងកត់សម្គាល់ឃើញក្រុមកវីនិពន្ធជាមន្ត្រីព្រះមហាក្សត្ររបស់សម្ដេច វាំង ជួន សរសេរបន្ទាបបន្ថោកព្រះអង្គជាលំដាប់ បង្ហាញឲ្យឃើញថា ព្រះអង្គចាញ់ដោយសារគ្មានប្រាជ្ញាក្នុងការដឹកនាំបញ្ជាទ័ព ឥតមានបុណ្យដូចព្រះអង្គចន្ទរាជាឡើយ ។ ក្រុមអ្នកនិពន្ធទាំងនេះបន្ថែមទៀតថា ព្រះអង្គគ្មានគិតគូរយកចិត្តទុកដាក់នឹងជោគវាសនាព្រះនគរទេ ព្រះអង្គគិតតែសប្បាយស្រើបស្រាលនឹងស្រីទាំងហ្វូងៗ ។
ផ្ទុយទៅវិញ គេនាំគ្នាសរសើរលើកតម្កើងព្រះអង្គចន្ទរាជា និងរៀបរាប់វែកញែកអធិប្បាយអំពីអព្ភូតហេតុ និងប្រផ្នូលជាច្រើនដែលបញ្ជាក់បង្ហាញថា ព្រះអង្គចន្ទរាជាជាអ្នកមានបុណ្យអស្ចារ្យ មានប្រាជ្ញាខ្លាំងពូកែជាងព្រះស្ដេចកន ។
ចំណែកពង្សាវតារប្រទេសកម្ពុជា ឬពង្សាវតារវត្តទឹកវិលដែលនិពន្ធដោយព្រះសង្ឃ ហាស់ ស៊ុក គេ សង្កេតឃើញមានលក្ខណៈវែង មិនខ្លីដូចជាពង្សាវតារសម្ដេចវាំង ជួន មានព្រឹត្តិការណ៍ផ្សេងៗលម្អិតជាច្រើន បន្ថែមខុសច្រើនពីគេឯង ។
ពង្សាវតារក្រោយនេះ មិនបានសរសេរថា ព្រះស្រីជេដ្ឋាព្រះស្ដេចកនជាស្ដេចជ្រែករាជ្យទេ ។ ព្រះអង្គបានឡើងសោយរាជសម្បត្តិនៅព្រះបរមរាជវាំងទួលបាសាន្ត ដោយប្រាប្ដាភិសេក ឯកសារប្រវត្តិសាស្ត្រនេះបានដាក់ចំណងជើងថា ផែនដីព្រះស្ដេចកន ។
ពាក្យពេចន៍ដែលអ្នកនិពន្ធបានប្រើក្នុងការសរសេរសំដៅទៅលើរូបព្រះស្ដេច កនមានលក្ខណៈសមរម្យ គោរពឋានៈព្រះអង្គ ក្រុមគ្រួសារ និងនាម៉ឺនមុខមន្ត្រីទាំងអស់តាមក្របខ័ណ្ឌកំណត់ក្នុងភាសា ខ្មែរ ។ រាជសព្ទបានប្រើជានិច្ចសម្រាប់ព្រះអង្គ ដោយទាំងយ៉ាងច្បាស់ថា ព្រះអង្គជាព្រះមហាក្សត្រកម្ពុជាដោយគ្មានលាក់លៀម ។
ម្យ៉ាងវិញទៀត ពីដើមរហូតដល់ព្រះស្ដេចកនចូលទីវង្គត ពង្សាវតារវត្តទឹកវិលតែងតែលើកយកមកនិយាយថា ព្រះអង្គជាអ្នកមានបុណ្យ ។ ដំបូងកាលព្រះស្ដេចកនទើបតែនឹងកើត ហើធ្លាក់ទៅក្នុងទឹក ត្រូវត្រីពោលេប ទេវតាទៅពន្យល់សប្តឲ្យព្រះសង្ឃសត្ថាដែលក្លាយទៅជាសម្ដេចសង្ឃរាជបាន និយាយប្រាប់ព្រះពិជ័យនាគជាឪពុកព្រះស្ដេចកនថា «កូនឯងនេះនឹងមានបុណ្យជាព្រះមហាក្សត្រក្នុងកម្ពុជានេះហើយ» ។ អ្នកនិពន្ធសរសេរទៀតថា «បណ្ដារាស្ត្រ ចូលចិត្តថា ព្រះស្ដេចកននេះជាអ្នកមានបុណ្យ ទើបអាណាប្រជានុរាស្ត្រនាំគ្នាថ្វាយបង្គំចុះចូលជាច្រើន» ។ សូម្បីតែសម្ដេចព្រះភាគិនេយ្យោជាក្មួយក៏កោតសរសើរថា «ព្រះស្ដេចកននេះមានបុណ្យអស្ចារ្យណាស់» ។
ពង្សាវតារវត្តទឹកវិលបានអួតកោតសរសើរប្រាជ្ញាឈ្លាសវៃរបស់ព្រះអង្គក្នុងការ ចាត់ចែងរៀបចំកសាងនគរ ចេះធ្វើសង្គ្រាម មានថ្វីដៃទេពកោសល្យក្នុងការបាញ់ធ្នូចេញម្ដង៥តម្រង់ត្រូវគោលដៅ ទាំង៥ខុសគ្នា ។
មិនតែប៉ុណ្ណោះព្រះស្ដេចកនជាព្រះមហាក្សត្រគោរពគ្រូបាធ្យាយ ឪពុកម្ដាយ និងបង ចេះដឹងគុណអ្នកដែលធ្លាប់ជួយជ្រោមជ្រែងឧបត្ថម្ភព្រះអង្គ ហើយជាព្រះមហាក្សត្រនិយមចូលចិត្តធ្វើបុណ្យទាន សាងសង់វត្តអារាម គោរពបូជាព្រះពុទ្ធសាសនា ។ ជាញឹកញាប់ រហូតដល់ពេលព្រះអង្គត្រូវអស់ព្រះជន្ម ទេវតាបារមីតូចធំតែងតែតាមថែរក្សាព្រះអង្គ មានទាំងមកនិមិត្តជាសុបិនប្រាប់ពន្យល់ទុកជាមុនក៏មាន ។
ខុសប្លែកពីពង្សាវតារសម្ដេចវាំង ជួន ដែលនិយាយថា ព្រអង្គគ្មានមហេសី គិតតែសប្បាយនឹងស្រី ចំណែកឯពង្សាវតារវត្តទឹកវិលបានកត់ត្រាបញ្ជាក់យ៉ាងច្បាស់លាស់ថា ព្រះអង្គមានអ្នកម្នាងម្នាក់ឈ្មោះ ជីលែង ដែលជាកូន ចៅពញា ហែង និងនាង សួស ។ ឯកសារនេះ មិនបានបញ្ជាក់ ព្រះស្រីជេដ្ឋាព្រះស្ដេចកនស្រឡាញ់ពេញចិត្តនឹងអ្នកម្នាងប៉ុណ្ណាទេ តែសកម្មភាពខ្លះអាចបញ្ជាក់ថា ព្រះអង្គស្រឡាញ់ពេញចិត្តនឹងអ្នកម្នាងណាស់ ។
ច្រកទ្វារធំខាងកើតរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរត្រូវបានដាក់ឈ្មោះ ថា ទ្វារនាងជីលែង ឯភូមិជីលែង នៅទិសខាងកើតដែរ ព្រមទាំងស្រះនៅទីនោះសុទ្ធតែត្រូវបានដាក់ឈ្មោះព្រះនាង ហាក់ដូចជា ព្រះស្រីជេដ្ឋាមានបំណងចង់ឲ្យឈ្មោះអ្នកម្នាង និងស្នេហារបស់ព្រះអង្គស្ថិតនៅជាអមតៈបន្តជារៀងរហូតដល់អវសាន ភ្លើងឆេះកល្ប ។ នៅពេលដែលព្រះអង្គយាងទៅថ្វាយបង្គំព្រះអដ្ឋិធាតុព្រះអរហន្តឯវត្ត ព្រះធាតុ ព្រះអង្គបាននាំយកអ្នកម្នាងទៅជាមួយ ។ ពេលដែលព្រះស្រីជេដ្ឋាព្រះស្ដេចកនត្រូវរត់ចាកចេញចោលរាជធានីស្រឡប់ ដូនតីពិជ័យព្រៃនគរ អ្នកម្នាងបានរត់ទៅជាមួយ រួមសុខរួមទុក្ខជាមួយព្រះអង្គ រួមរហូតដល់ថ្ងៃស្លាប់ជាមួយគ្នា ។
អ្នកម្នាង ជីលែង ដែលពង្សាវតារវត្តទឹកវិលបានលើកយកមករៀបរាប់សរសើរនោះទៅណាមកណា ទោះបីក្នុងព្រៃព្រឹក្សាក៏ដោយ ក៏មានទេវតាអារុក្ខអារក្សអ្នកតា មនុស្ស សត្វ ដូចជា សត្វខ្លែង ស្រឡាញ់រាប់អានតាមជួយថែរក្សាផ្គត់ផ្គង់ជានិច្ច ។ អ្នកម្នាងក៏និយមធ្វើបុណ្យទាន កសាងវត្តអារាម គោរពបូជាព្រះពុទ្ធសាសនាដែរ ។ មិនតែប៉ុណ្ណោះ កន្លែងដែលអ្នកម្នាង និងស្ដេចកនឆ្លងកាត់សុទ្ធតែបន្សល់នូវឈ្មោះរៀងរហូតមកដល់ សព្វថ្ងៃ ។
ការរៀបរាប់កោតសរសើរបង្ហាញអំពីអ្នកម្នាង ជីលែង ទោះបីជាពង្សាវតារវត្តទឹកវិលមិនហ៊ានបញ្ជាក់អះអាងក៏ដោយ ក៏យើងអាចយល់បានដែរថា អ្នកនិពន្ធចង់បង្ហាញឲ្យឃើញថា អ្នកម្នាង ជីលែង ស្នំឯកព្រះស្រីជេដ្ឋាព្រះស្ដេចកន ជាអ្នកមានបុណ្យ ជាស្រីគ្រប់លក្ខណ៍ គឺខុសពីសេចក្ដីដែលមានសរសេរក្នុងពង្សាវតារសម្ដេចវាំង ជួន ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ពង្សាវតារវត្តទឹកវិលត្រូវតែងាកមកវាយបកព្រះស្ដេចកនដែរ ។ ការវាយបកបន្តុះបង្អាប់ព្រះស្រីជេដ្ឋាព្រះស្ដេចកនស្ថិតនៅលើចំណុច តែមួយគឺចង់បញ្ជាក់បង្ហាញថា ព្រះអង្គទន់ខ្សោយ ឆាប់ភ័យរន្ធត់ និងឆាប់ខ្ញាល់ ខឹងខ្វះវិចារណញ្ញាណ គ្មានការពិចារណា ។
ព្រះស្ដេចកនបានប្រហារជីវិតហោរាហ៊ានទស្សន៍ទាយការពិតថ្វាយព្រះអង្គ ។ «ទ្រង់មានវិតក្ក ទុក្ខទោមនស្សណាស់រហូតដល់ទ្រង់ព្រះកន្សែង សោកស្ដាយជាខ្លាំង» នៅពេលដែលព្រះអង្គជ្រាបថា ព្រះអង្គចន្ទរាជាវាយយកបានខេត្តខាងលិច និងខាងជើង ព្រមទាំងបានសម្លាប់មេទ័ពរបស់ព្រះអង្គជាច្រើន ។
បន្ទាប់មកទៀត នៅពេលដែលទ័ពរបស់ព្រះអង្គត្រូវបរាជ័យ បាក់នៅបន្ទាយលង្វែក «ព្រះស្រីជេដ្ឋា ក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរទ្រង់បានជ្រាបហើយ ទ្រង់ញ័រភ័យខ្លាចព្រះបារមីថ្វីព្រះហត្ថនៃសម្ដេចចៅពញាចន្ទរាជា» ។
ពង្សាវតារវត្តទឹកវិលបានសរសេរត្រង់ចំណុចដដែលនៅវគ្គក្រោយក្នុងពេលដែល ព្រះស្រីជេដ្ឋាព្រះស្ដេចកនកំពុងតែជាប់ចូលអន្ទាក់ក្នុងផ្លូវរំលង ដែលមានព្រំខ្ពស់ដោតអមសាងខាងថា «ស្ដេចកនក៏ក្រាបយំលើខ្នងសេះ» ។
ការបន្ថែមបន្តិចបន្តួចទាំងនេះ មានតិចតួចស្ដួចស្ដើងណាស់ បើយើងប្រៀបធៀបទៅនឹងការអួតសរសើរវែកញែកអធិប្បាយអំពីបុណ្យបារមី ព្រះស្ដេចកន ។ មិនតែប៉ុណ្ណោះ ការបន្ថែមបន្ថយទាំងប៉ុន្មាន បើយើងពិនិត្យមើលទៅ យើងអាចសម្គាល់ឃើញថា គ្មានការស៊ីសង្វាក់សមស្របទៅនឹងបុណ្យបារមី ទឹកចិត្តក្លាហានអង់អាច មានថ្វីដៃគ្មានប្រៀប និងប្រាជ្ញាភ្លឺថ្លាមោះមុតរបស់ព្រះអង្គឡើយ ។
ព្រះស្ដេចកនដែលរត់រួចអំពីការប៉ុនប៉ងធ្វើឃាតរបស់បងថ្លៃ ព្រះស្រីសុគន្ធបទ បានមកបង្កទ័ពយោធានៅបាភ្នំ ប្រើប្រាជ្ញាកិច្ចកលធ្វើឲ្យព្រះអង្គចន្ទរាជា រត់ចោលស្រុក ហើយលើកទ័ពបះបោរតស៊ូមកច្បាំងយកជ័យជម្នះលើកងទ័ពស្ដេច មិនមែនជាស្ដេចធម្មតា គ្មានការរិះគិតពិចារណា ឬភ័យខ្លាចញ័ររន្ធត់ ក្រាបយំនោះឡើយ ។ ព្រះអង្គខំតស៊ូព្យាយាមជានិច្ច មិនសំចៃកម្លាំង ។
ទិដ្ឋភាពនៃការចងក្រងឯកសារពង្សាវតារដូចដែលយើងបានលើកយកមកនិយាយខាងលើនេះ អាចបញ្ជាក់ថា អ្នកនិពន្ធកវី ទោះបីជានៅក្នុងប្រភពណាក៏ដោយក៏មានការពិបាកជាច្រើនក្នុងការលើក យកព្រឹត្តិការណ៍នីមួយៗនៃប្រទេសជាតិ និងសង្គមយកមកអធិប្បាយវែកញែកឲ្យបានសមស្របទៅតាមភាពពិតប្រាកដ និយម ។ កត្តាទាំងនេះហើយដែលនាំឲ្យមានចម្ងល់ និងសំណួរជាច្រើនចំពោះព្រឹត្តិការណ៍ដែលមានលក្ខណៈស្រពិចស្រពិល មិនច្បាស់លាស់ បង្កប់នូវអាថ៌កំបាំងគ្មានចម្លើយ ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
ក្នុងការសិក្សាស្រាវជ្រាវអំពីប្រវត្តិព្រះស្ដេចកន យើងបានជួបប្រទះនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនដែលយើង ជឿជាក់ថា មានអត្ថន័យទូលំទូលាយ បង្កប់នូវទស្សនៈទ្រឹស្ដីគ្រប់គ្រងប្រទេសជាតិ ព្រមទាំងកត្តាផ្សេងទៀតដែលជាមូលដ្ឋានជាប់ទាក់ទងទៅនឹងជោគវាសនា របស់នគរខ្មែរ ។
បញ្ហាអំណាច
ចំណោទ និងបញ្ហាធំនៅក្នុងប្រវត្តិសាស្ត្រខ្មែរក៏ដូចជាប្រទេសឯទៀតដែរគឺ អំណាច ។ តាមរយៈឯកសារប្រវត្តិសាស្ត្រខ្មែរ យើងកត់សម្គាល់ឃើញថា កង្វល់ធំរបស់ព្រះមហាក្សត្រខ្មែរ គឺធ្វើម្ដេចរក្សាអំណាច ឬរាជសម្បត្តិឲ្យបានយូរ ។ បើអស់ពីខ្លួនហើយ ត្រូវធ្លាប់ទៅកូន ទៅចៅ ចៅទួត ចៅលួត ជាលំដាប់លំដោយ រហូតដល់ឆេះកល្ប ។ ដូច្នេះ ព្រះរាជាត្រូវតែស្វះស្វែងខំប្រឹងតាមដានមើល តើអ្នកណាជាអ្នកមានបុណ្យ អាចមកដណ្ដើមយកអំណាចរាជសម្បត្តិពីខ្លួន ។ ជានិច្ចកាល អំណាចរាជសម្បត្តិនេះជាប្រភពជម្លោះសង្គរាម និងការបាត់បង់ទឹកដីនៅកម្ពុជាដែលបង្កបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ ព្រាត់ប្រាសគ្រួសារ ស្លាប់ និងរងភាពក្រីក្រវេទនារាប់រយឆ្នាំ មិនចប់ មិនហើយ ។
អ្វីជាលក្ខណៈពិសេសនៅកម្ពុជាគឺព្រះមហាក្សត្រខ្មែរតែងតែឲ្យតម្លៃទៅលើ ការទស្សន៍ទាយការយល់សប្តដើម្បីស្វែងរកអ្នកមានបុណ្យដែលខ្លួនចាត់ ទុកជាសត្រូវស្លាប់រស់ក្នុងគោលបំណងធ្វើឃាតសម្លាប់កម្ទេចចោលមុន កុំឲ្យកើតមានកម្លាំង ។ ស្ដេចខ្មែរក្នុងបរិបទនេះមិនបានបម្រើផលប្រយោជន៍របស់ខ្លួនទេ តែបែរជាបង្កើតឲ្យមានភាពអស្ចារ្យ អច្ឆរិយៈ ឬទេវកថារបស់សត្រូវ ហើយបែរជាជំរុញឲ្យសត្រូវក្លាយទៅជាអ្នកមានបុណ្យ អ្នកហ៊ានប្រឆាំងនឹងស្ដេចដោយមិនដឹងខ្លួន និងមិនបាច់ខំ ។
ស្ដេចដំបងក្រញូង ដែលខ្លាចអស់រាជសម្បត្តិបានឲ្យហោរាទស្សន៍ទាយមើលជតារាសីរបស់ខ្លួន ដើម្បីចង់ដឹងថា តើមានអ្នកមានបុណ្យណាមួយអាចមកដណ្ដើមរាជ្យពីព្រះអង្គឬទេ ? លុះឮដូច្នេះ ស្ដេចដំបងក្រញូងក៏ចេញបញ្ជាត្រាស់បង្គាប់ឲ្យអស់មេទ័ព មន្ត្រីរកចាប់ និងធ្វើឃាតអ្នកមានបុណ្យនោះ ។
ស្ដេចពញាក្រែក ឬព្រហ្មកិល កាលបើកម្ចាត់ស្ដេចដំបងក្រញូងបានជោគជ័យហើយឡើងសោយរាជសម្បត្តិនៅ កម្ពុជា ក៏ចាប់ផ្ដើមមានគំនិតដូចដំបងក្រញូងដែរ នៅពេលដែលសុបិនឃើញសត្វគ្រុឌហោះចេញពីទិសខាងត្បូង មកខ្វេះយកភ្នែកព្រះអង្គទាំងគូ ។ ហោរាបានទាយទូលថ្វាយថា ៖
«អ្នក មានបុណ្យនឹងយាងមកយករាជបល្ល័ង្ក ។ ឥឡូវនេះអ្នកមានបុណ្យអាយុបាន៧ឆ្នាំហើយ មានសញ្ញាកងចក្រលើបាតដៃ និងបាតជើង» ។
ទ្រង់ព្រះសណ្ដាប់ឮដូច្នេះ ស្ដេចពញាក្រែកបញ្ជាបង្គាប់ឲ្យកេណ្ឌក្មេងដែលមានអាយុ៧ឆ្នាំមកឆែក មើលបាតដៃបាតជើងរកអ្នកមានបុណ្យដើម្បីយកទៅសម្លាប់ចោល ។ កាលនោះបក្សីចាំក្រុងដែលមានអាយុទើបតែ៧ឆ្នាំ ត្រូវបានតាគហេ ពអៀវនាំរត់លូនចេញពីមហានគរសំដៅទៅដល់ទិសខាងត្បូង ត្រង់តំបន់ព្រះវិហារសួគ៌ចេញទៅដល់ភ្នំបាសិទ្ធិ ។ ឯកងទ័ពពលរេហ៍ស្ដេចពញាក្រែកចេះតែលើកដេញតាមធ្វើឃាតក្មេងអាយុ៧ ឆ្នាំ បក្សីចាំក្រុង មិនចេះឈប់ ។
ចូលមកដល់រាជ្យព្រះស្រីសុគន្ធបទ ព្រឹត្តិការណ៍ដដែលបានកើតមានទៀតនៅពេលដែលក្សត្រអង្គនេះបានសុបិននិមិត្តឃើញ ៖
«មាន នាគមួយធំមានឫទ្ធិមហិមាមកដេញព្រះអង្គ និងមនុស្សម្នាឲ្យរត់ចេញអស់ពីព្រះរាជវាំង ហើយព្រួសពិសជាភ្លើង ឆេះដាលពេញទាំងព្រះមហានគរ អំណាចភ្លើងនោះក្ដៅពន់ប្រមាណ ហើយហាក់ដូចជានាគនោះស្ទុះចូលមកខាំពាំស្វេតឆ័ត្រនាំទៅកាន់ ទិសបូព៌» ។
បន្ទាប់មកទៀតក្នុងឱកាសដែលនាម៉ឺនមន្ត្រីធំតូចគ្រប់ជាន់ថ្នាក់នាំគ្នា ចូលគាល់ ស្រាប់តែព្រះអង្គក្រឡេកមើលទៅឃុនហ្លួងព្រះស្ដេចកន ទ្រង់ឃើញនាគពីរព័ទ្ធព័ន្ធពីលើ ហើយងើបក្បាលហាក់បីដូចជាចង់ហក់ស្ទុះទៅខាំព្រះអង្គ ។ នាគទាំងពីរនោះមានរូបរាងដូចនាគក្នុងសុបិនព្រះអង្គ ។ ព្រះអង្គភ័យណាស់ក៏ឲ្យហោរាទស្សន៍ទាយ ។
ហោរានោះទាយថា ៖ «រាជ សត្រូវនោះនៅក្នុងព្រះនគរ ។ វាកើតឆ្នាំរោងពង្សនាគ ។ ទំនាយនេះត្រូវត្រង់ខ្លួនឃុនហ្លួងព្រះស្ដេចកន ដ្បិតជតារាសីរបស់វាកំពុងឡើងខ្លាំងណាស់» ។
ដោយការយល់សប្ត ការស្រមៃ និងការទស្សន៍ទាយរបស់ហោរា ព្រះមហាក្សត្រខ្មែរ ព្រះស្រីសុគន្ធបទយល់ឃើញថា ព្រះស្ដេចកនជាអ្នកមានបុណ្យអាចមកដណ្ដើមយកអំណាចពីខ្លួន ។ ដូចនេះព្រះស្ដេចកនទោះបីជាប្អូនថ្លៃក៏ដោយក៏ជាសត្រូវមួយដែល ត្រូវកម្ទេចចោលជាមុនដែរដើម្បីកុំឲ្យលូតលាស់ដុះពេញរូបរាងមាន កម្លាំងទាន់ ។
កាយវិការព្រះស្រីសុគន្ធបទដែលសម្រេចចិត្តប្រើល្បិចកលសម្លាប់ព្រះស្ដេចកនដោយ គ្មានមូលហេតុសច្ចៈយុត្តិធម៌ សំអាងតែលើការយល់សប្ត បែរជាជំរុញឲ្យព្រះស្ដេចកនធ្លាប់ជាអ្នកបម្រើ ឲ្យក្លាយជាអ្នកមានបុណ្យ ជាអ្នកមានគុណក្នុងការរំដោះប្រជានុរាស្ត្ររំលាយវណ្ណៈនិយមទៅវិញ គឺ ព្រះស្រីសុគន្ធបទជាអ្នកបង្កើតឲ្យមានអ្នកមានបុណ្យ ។
បើយើងពិចារណាឲ្យបានដិតដល់ យើងកត់សម្គាល់ឃើញថា ឥរិយាបថរបស់ស្ដេចដំបងក្រញូង ស្ដេចពញាក្រែក និងព្រះស្រីសុគន្ធបទ ជាអំពើមួយដែលបង្កបង្កើតបញ្ហា ដុតភ្លើងសង្គ្រាមឲ្យមានកលិយុគ ចលាចលវេទនាដល់ប្រជាពលរដ្ឋដោយមិនដឹងខ្លួន និងដោយការខ្វះខាតក្នុងការពិចារណា ថ្លឹងថ្លែងឲ្យបានវែងឆ្ងាយដល់ជោគវាសនាអនាគតប្រទេសជាតិ ។
តើទស្សនៈនេះ តើការក្ដិចត្រួគ្នាបំផ្លាញមិនឲ្យមានអ្នកចេះដឹងលូតលាស់លើសខ្លួន នេះ ធ្លាប់មានស្នាមដាមជាប់ក្នុងសង្គមខ្មែរយើងឬទេ ? ជាធម្មតា យើងសង្កេតឃើញមានបុគ្គលខ្លះមានការចេះដឹងតិចតួច តែងតែរកមធ្យោបាយឧបាយគ្រប់បែបយ៉ាងដើម្បីនឹងបន្ទច់បង្អាក់បំបិទ បំបាំងអ្នកមានប្រាជ្ញាភ្លឺថ្លា មានចំណេះវិជ្ជាខ្ពង់ខ្ពស់កុំឲ្យអ្នកដទៃអាចមើលឃើញ ។ មិនតែប៉ុណ្ណោះ គេតែងតែចាត់ទុកអ្នកនោះជាសត្រូវដែលត្រូវតែបំផ្លាញចោល គឺខុសពីប្រទេសចិនក្នុងសម័យដើមតែងតែប្រមូលអ្នកប្រាជ្ញបណ្ឌិតយក មកនៅជិតជុំវិញទុកជាទីប្រឹក្សា ។
តួនាទីព្រះសង្ឃ
ក្នុងការតស៊ូធ្វើសង្គ្រាមរាំងជលរបស់ព្រះស្ដេចកន ព្រះសង្ឃប្រហែលជាបានដើរតួមួយយ៉ាងសំខាន់ក្នុងការគាំទ្រ ព្រះអង្គ ។
ទោះបីជាឯកសារប្រវត្តិសាស្ត្រមិនបានសរសេរកត់ត្រាបញ្ជាក់ក៏ដោយ ក៏យើងសង្កេតឃើញថា ព្រះសង្ឃសត្ថា គ្រូព្រះស្ដេចកន បានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងព្រឹត្តិការណ៍នាសម័យកាល នោះ ។ ព្រះអង្គជាអ្នកចិញ្ចឹមបីបាច់ថែរក្សា បង្ហាត់បង្រៀនហ្វឹកហ្វឺនព្រះស្ដេចកន ក្រោយមកបានក្លាយទៅជាព្រះមហាក្សត្រកម្ពុជា ។
នៅពេលព្រះពិជ័យនាគ ត្រូវជាឪពុក លើកទ័ពស្ដេចមកច្បាំងទប់ទល់នឹងកូនព្រះស្ដេចកន មានតែព្រះសង្ឃសត្ថាទេមានឥទ្ធិពលអាចបញ្ឈប់ការប្រយុទ្ធនោះ ហើយផ្សះផ្សាឲ្យឪពុក និងកូនស្រុះស្រួលជានឹងគ្នាវិញ ។ ព្រះសង្ឃសត្ថានេះបានប្រកាសប្រាប់ជាមុនថា ព្រះស្ដេចកនជាព្រះមហាក្សត្រក្រុងកម្ពុជា ។
មកដល់ត្រង់វគ្គនេះ យើងកើតមានចម្ងល់សួរថា ហេតុដូចម្ដេចព្រះសង្ឃសត្ថាជាសម្ដេចសង្ឃរាជបានទទួលឋានៈបុណ្យស័ក្តិ និងការទំនុកបម្រុងពីព្រហស្រីសុគន្ធបទបែរជាទៅការពារគាំទ្រ ព្រះស្ដេចកនទៅវិញ ?
ឥរិយាបថរបស់ ព្រះសង្ឃក្នុងខណៈនេះអាចឆ្លុះបញ្ជាក់ថា ព្រះមហាក្សត្របានប្រព្រឹត្តនូវអ្វីមួយដែលគ្មានទសពិធរាជធម៌ មានការក្ដៅក្រហាយមិនសប្បាយចិត្ត ធ្វើឲ្យប្រជានុរាស្ត្ររងទុក្ខវេទនា ។ បរិយាកាសអាប់អួរអយុត្តិធម៌ មិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវិតប្រជាជន អាចជាមូលហេតុបង្កឲ្យមានការប្រេះឆា មិនពេញចិត្តពីព្រះសង្ឃ ។
ដូច្នេះ ព្រះស្ដេចកនមានការគាំទ្រយ៉ាងសកម្មពីព្រះសង្ឃ មានលទ្ធភាពទទួលនូវការគាំ្រទ្រ គោរពចុះចូលពីសំណាក់ប្រជាពលរដ្ឋដែលមានបំណងចង់ផ្លាស់ប្ដូរអ្នក ដឹកនាំ ព្រះមហាក្សត្រ ដោយសង្ឃឹមថា នឹងបានសេចក្ដីសុខ និងសុភមង្គលជាមិនខាន ។ ដោយតំបន់ព្រះវិហារសួគ៌ជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនា មានប្រជារាស្ត្រគោរពបូជាច្រើន ព្រះស្រីសុគន្ធបទពុំមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ទល់កម្លាំង បដិវត្តន៍របស់ព្រះស្ដេចកនបានឡើយ ។
ក្រោយមកចូលដល់សម័យកាលព្រះអង្គចន្ទរាជាវិលត្រឡប់ចូលមកកម្ពុជាវិញ ព្រះអង្គបានយល់អំពីបញ្ហាព្រះសង្ឃ ហើយក៏បានទទួលការគាំទ្រពីព្រះសង្ឃមួយផ្នែកដែរ ។ ព្រះចៅអធិការវត្តបរិបូណ៌ព្រះនាម ជ័យ មានងារជា មង្គលសត្ថា បាននាំយកទូកង សារាយអណ្ដែត មកថ្វាយព្រះអង្គសម្រាប់ធ្វើជាព្រះទីនាំងចេញច្បាំងតទល់នឹង ព្រះស្ដេចកន ។
ដូច្នេះអ្វីដែលពង្សាវតារខ្មែរពុំបានសរសេរកត់ត្រានោះគឺព្រះពុទ្ធសាសនាខ្មែរក្នុង សម័យកាលនោះត្រូវបែបជាពីរដែលបណ្ដាលឲ្យកម្លាំងរបស់ព្រះស្រីជេដ្ឋា ព្រះស្ដេចកនខាតបង់អស់មួយផ្នែកធំ ។
ឯសង្គ្រាមប្រយុទ្ធគ្នារវាងព្រះស្ដេចកន និងព្រះអង្គចន្ទរាជា មិនមែនមានតែលើផ្នែកកាប់ចាប់ បាញ់ វាយប្រហារដោយកម្លាំងអាវុធប៉ុណ្ណោះទេ គឺមានសង្គ្រាមមួយទៀតតាមរយៈសាសនា និងមនោគមវិជ្ជាទៀត ។
ម្យ៉ាងវិញទៀត ទិដ្ឋភាពដែលបញ្ជាក់ថា ព្រះពុទ្ធសាសនា និងព្រះសង្ឃមានតួនាទីសំខាន់ក្នុងការពង្រឹងអំណាចរបស់ព្រះមហាក្សត្រ នោះ គឺការតែងតាំងព្រះសង្ឃ៧អង្គក្នុងការទ្រទ្រង់ព្រះរតនៈ និងគណៈសង្ឃ ដែលព្រះស្រីជេដ្ឋាព្រះស្ដេចកន និងព្រះអង្គចន្ទរាជាបានអនុវត្តធ្វើដូចគ្នា ។ នេះគឺជាវិធីសាស្ត្រនយោបាយដើម្បីគ្រប់គ្រងកម្លាំងសាសនា និងប្រជាជន ។
ព្រះពុទ្ធសាសនា ព្រះសង្ឃ និងកន្លែងស័ក្តិសិទ្ធិខ្លាំងពូកែ គេតែងតែទៅធ្វើសក្ការៈគោរពបូជា បានក្លាយទៅជារបស់ដែលគេត្រូវតែប្រវ័ញ្ច បញ្ចុះបញ្ចូលមកធ្វើជាឧបករណ៍សម្រាប់ពង្រឹងអំណាចរបស់ស្ដេច ។ តួនាទីនេះ គេពុំអាចបំភ្លេចមិនលើកយកអធិប្បាយឡើយក្នុងអតីតសង្គម ក៏ដូចជាក្នុងបច្ចុប្បន្នសង្គម ។
ព្រឹត្តិការណ៍អាថ៌កំបាំងប៉ុនប៉ងធ្វើឃាតព្រះស្ដេចកន
ប្រវត្តិព្រះស្រីជេដ្ឋាព្រះស្ដេចកនដែលឯកសារពង្សាវតារខ្មែរផ្សេងៗបានសរសេរ កត់ត្រាចម្លងបន្តគ្នាពីមួយទៅមួយបានបន្សល់ទុកនូវចម្ងល់ និងអាថ៌កំបាំងជាច្រើន ។
ឯកសារពង្សាវតារខ្មែរទាំងនោះបាននិយាយអំពីបុណ្យបារមីព្រះស្ដេចកនដែល ព្រះស្រីសុគន្ធបទរៀបចំល្បិចកលដើម្បីសម្លាប់ព្រះស្ដេចកន ។ ឯកសារទាំងនោះបញ្ជាក់ថា មន្ត្រីរាជាជាច្រើនបានច្រណែនស្អប់ព្រះអង្គ ហើយបានបន្តទៀតថា ព្រះអង្គចន្ទរាជាបានរត់ភៀសខ្លួនចាកចេញចោលទីក្រុងភ្នំពេញទាំងយប់ ដោយសារតែអន់ចិត្តនឹងព្រះស្រីសុគន្ធបទជាបង និងខ្លាចព្រះស្ដេចកនលើកទ័ពមកវាយប្រហារតាមបញ្ជារបស់ស្ដេច ។
ការលើកយកល្បិចកលរបស់ព្រះមហាក្សត្រមកបកស្រាយការប៉ុនប៉ងធ្វើឃាត ព្រះស្ដេចកន និងការរត់ចោលស្រុករបស់ព្រះអង្គចន្ទរាជា មើលទៅហាក់ដូចជាងាយពេក ហើយមិនសមហេតុសមផលទៀត ។ ព្រះអង្គចន្ទរាជាគង់នៅទីក្រុងភ្នំពេញជិតទួលបាសាន្ត ចំណែកឯព្រះស្ដេចកនបោះជំរំប្រមូលកេណ្ឌទ័ពនៅបាភ្នំ ក្នុងខេត្តព្រៃវែង ។ ដូច្នេះព្រះអង្គចន្ទរាជាមានលទ្ធភាព និងទាក់ទងទូលថ្វាយ និងសួរព្រះរាជាឆាប់រហ័សគ្រប់ពេលវេលា ។ ហេតុដូចម្ដេចក៏ព្រះអង្គមិនទាក់ទងឆ្លងឆ្លើយ ហើយបែរជានាំគ្នារត់គ្មានទាំងផ្ទុះអាវុធប្រយុទ្ធគ្នាផង ? ត្រង់នេះហើយដែលយើងនិយាយថា ប្រវត្តិសាស្ត្រមានលាក់អាថ៌កំបាំងមិនលើកយកមកកត់ទុកបង្ហាញជា ឯកសារ និងសក្ខីភាព ។
ព្រឹត្តិការណ៍នេះ អាចបញ្ជាក់ថា ស្ដេចជាបងប្អូនទាំងពីរអង្គអាក់អន់ចិត្តនឹងគ្នារហូតឈប់ទាក់ទង គ្នាទៅវិញទៅមក ។ ម្យ៉ាងវិញទៀត ប្រហែលជាកងទ័ពព្រះអង្គចន្ទរាជា និងកងទ័ពព្រះមហាក្សត្រព្រះស្រីសុគន្ធបទ ធ្លាប់ប៉ះទង្គិចគ្នា ហើយកងទ័ពព្រះអង្គចន្ទរាជាត្រូវបរាជ័យ អាចមានបញ្ហាចោទដល់ជីវិត ទើបព្រះអង្គនាំមន្ត្រី ពលសេនាតែបន្តិចបន្តួច លួចរត់ជន្លៀសភៀសខ្លួនសំដៅទៅស្រុកសៀម ។
ក្នុងវគ្គនេះ អ្នកប្រាជ្ញបារាំង អាឌេម៉ារ ឡឺក្លែរ បានកត់ត្រាក្នុងស្នាដៃរបស់លោកស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជា មានការឈ្លោះទាស់ទែងខ្វែងគំនិតបែកសាមគ្គីរវាងព្រះឧបរាជអង្គ ចន្ទរាជា និងព្រះស្រីសុគន្ធបទជាបង ។ លោកបានសរសេរបន្តទៀតថា ៖
«នៅក្នុងពេលនោះ ព្រះអនុជព្រះអង្គ ចៅពញាចន្ទរាជា ឈ្មោះនេះត្រូវបានគេប្រទាន ដោយសារព្រះអង្គបានប្រសូតនៅថ្ងៃមានចន្ទគ្រាស មិនសប្បាយចិត្តនឹងការជ្រើសរើសរបស់ក្រុមមន្ត្រីធំៗ បានដកថយមកបោះទីតាំងនៅចតុមុខ បន្ទាប់មក កេណ្ឌលើកកងទ័ព ពលទាហាន ចេញមុខប្រឆាំងនឹងព្រះមហាក្សត្រ» ។
ដូច្នេះ ការរត់ភៀសខ្លួនរបស់ព្រះអង្គចន្ទរាជា មិនមែនដោយសារតែឮសូរពាក្យចចាមអារ៉ាម នាំទៅមកដែលបណ្ដាលឲ្យព្រះអង្គភ័យក្លាចនោះទេ ។
ក្នុងព្រឹត្តិការណ៍នេះ បើយើងពិចារណាឲ្យឆ្ងាយបន្តិច យើងមានទស្សនៈប្លែកថ្មីខុសបន្តិចពីឯកសារប្រវត្តិសាស្ត្រ ។ បើយើងផ្លាស់ប្ដូរហេតុការណ៍ខ្លះពីមុខទៅក្រោយ ពីក្រោយទៅមុខ ហើយបន្ថែមសេចក្ដីកត់ត្រារបស់លោក អាឌេម៉ារ ឡឺក្លែរ យើងនឹងឃើញមានព្រឹត្តិការណ៍មួយផ្សេងទៀតដែលទាក់ទងនឹងការប៉ុនប៉ង ធ្វើឃាតព្រះស្ដេចកន ។
យើងអាចពិចារណាថា មនុស្សកើតក្នុងឆ្នាំរោង មានពង្សនាគដូចព្រះស្ដេចកនច្រើនណាស់ក្នុងនគរ ហេតុដូចម្ដេចហោរាចង្អុលថា រាជសត្រូវនោះជាព្រះស្ដេចកន ។ មួយចំណែកទៀត យោងតាមឯកសារពង្សាវតារទាំងនោះ ព្រះអង្គមិនទាន់មានឈ្មោះល្បីល្បាញអំណាចយសស័ក្តិអ្វីដែលនាំមកនូវ គ្រោះថ្នាក់ដណ្ដើមរាជ្យស្ដេចឡើយ ។
ប៉ុន្តែ អ្វីដែលចម្លែកអស្ចារ្យនោះគឺនៅពេលរត់គេចផុតពីការប៉ុនប៉ង សម្លាប់របស់ព្រះស្រីសុគន្ធបទភ្លាម ព្រះស្ដេចកនមានលទ្ធភាពអាចកេណ្ឌទ័ពបានជាច្រើន ហើយត្រួតត្រាខេត្តខាងត្បូងមួយចំនួនទៀត ។ ទោះបីជាព្រអង្គយកឈ្មោះព្រះមហាក្សត្រទៅលាតត្រដាងបញ្ចុះបញ្ចូលក៏ ដោយ ជោគជ័យនេះបើយើងពិចារណាទៅគឺបានមកអំពីប្រជាប្រិយភាពរបស់ព្រះស្ដេច កនដែលធ្លាប់បញ្ចេញស្នាដៃគ្រប់ទិសទី ជាពិសេសក្នុងការតតាំងជាមួយព្រះអង្គចន្ទរាជា ។
អាថ៌កំបាំងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ប្រហែលក្រោយពេលព្រះស្រីសុគន្ធបទ និងព្រះអង្គចន្ទរាជាឈ្លោះប្រកែកបែកបាក់គ្នា មានផ្ទុះសង្គ្រាមរាំងជលរវាងស្ដេចទាំងពីរដែលជាបងប្អូន បង្កើត ។ ក្នុងគ្រានោះ ព្រះស្រីសុគន្ធបទ ព្រះមហាក្សត្រខ្មែរ បានបង្គាប់ឲ្យព្រះស្ដេចកនទៅកេណ្ឌទ័ពនៅបាភ្នំដើម្បីចេញទៅវាយ ផ្ទប់ព្រះអង្គចន្ទរាជាពីផ្នែកទិសខាងត្បូង ។ ព្រះស្ដេចកនបានទទួលជោគជ័យលើព្រះអង្គចន្ទរាជា ធ្វើឲ្យព្រះអង្គបាក់ ទ័ពរត់ចោលនគរ ដែលជាហេតុព្រះអង្គល្បីឈ្មោះ មានប្រជាប្រិយភាពខ្លាំងក្លាជាងបណ្ដាមេទ័ពមន្ត្រីធំៗ ។
ប្រហែលជាភាពលេចធ្លោ និងកេរ្តិ៍ឈ្មោះរបស់ព្រះអង្គនេះហើយ ធ្វើឲ្យស្ដេចខ្មែរមានការព្រួយបារម្ភ ខ្លាចព្រះអង្គដណ្ដើមយករាជ្យសម្បត្តិ ។ ហេតុនេះហើយបានជាព្រះស្រីសុគន្ធបទបានរៀបចំគម្រោងល្បិចកលដើម្បីលួច សម្លាប់ព្រះស្ដេចកន ។ គឺប្រិយភាពនេះហើយដែលព្រះអង្គបានទទួលការគាំទ្រពីប្រជានុរាស្ត្រ ព្រះសង្ឃ និងកងទ័ព ។
យុទ្ធសាស្ត្រក្នុងសង្គ្រាម
ក្នុងសម័យកាលព្រះស្រីជេដ្ឋាព្រះស្ដេចកន យើងកត់សម្គាល់ឃើញមានសង្គ្រាមផ្ទៃក្នុងពីរលើកគឺ ទី១ ជាសឹកសង្គ្រាមដែលព្រះស្ដេចកនបើកការវាយប្រហារទៅលើព្រះស្រីសុគន្ធបទ និងទី២ ជា ការវិលត្រឡប់របស់ព្រះអង្គចន្ទរាជាពីស្រុកសៀមដែលលើកទ័ពមកវាយ ប្រហារកងទ័ពព្រះស្ដេចកន ដណ្ដើមយកខេត្តខណ្ឌជាបន្តបន្ទាប់ ។
សង្គ្រាមលើកទី១ គឺសង្គ្រាមព្រះស្ដេចកន និងព្រះស្រីសុគន្ធបទ ជាការវាយប្រហាររបស់ព្រះស្ដេចកន ធ្វើឲ្យព្រះមហាក្សត្រដកឃ្លាថយជាលំដាប់លំដោយចេញពីរាជធានី ទួលបាសាន្ត ភៀសទៅគង់នៅទីក្រុងភ្នំពេញ និងរត់ទៅបោះទីតាំងនៅសំរោងសែន ខេត្តកំពង់ឆ្នាំង ជាប់ចុងខេត្តអាសន្នទុក្ខ ។ នៅទីបញ្ចប់ ព្រះរាជាដកថយបន្តទៅទៀត ថយទៅបោះជំរំនៅបន្ទាយស្ទឹងសែន ជាទីដែលព្រះអង្គត្រូវអស់ព្រះជន្មដោយសារមេទ័ពជំនិតព្រះស្ដេចកន ឈ្មោះ ឧកញ៉ាម៉ឺនសុរិន្ទ កែវ ។
សង្គ្រាមលើកទី២ គឺជាសង្គ្រាមដែលព្រះអង្គចន្ទរាជាបើកការវាយប្រហារចូលស្រុកខ្មែរ ដើម្បីដណ្ដើមយកទឹកដី និងរាជបល្ល័ង្កវិញ ។ យុទ្ធសាស្ត្ររបស់ព្រះអង្គចន្ទរាជាគឺការវាយប្រហារវាយលុកសម្រុកទៅ មុខ ត្រូវដណ្ដើមយកទឹកដីខេត្តខណ្ឌឲ្យបានច្រើន ។ ព្រះអង្គពុំមានការព្រួយបារម្ភក្នុងការការពារថែរក្សាទឹកដី ឬតំបន់ណាមួយឡើយ ។ សង្គ្រាមចិត្តសាស្ត្រត្រូវបានស្ដេចទាំងពីរឲ្យតម្លៃខ្ពស់ ហើយយកមកអនុវត្តគ្មានធ្វេសប្រហែស ។ ក្នុងការវាយសម្រុកនេះ យើងកត់សម្គាល់ឃើញថា យុទ្ធសាស្ត្ររបស់ព្រះអង្គមាន៥ដំណាក់កាល ។
ដំណាក់កាលទី១: គឺការដណ្ដើមយកខេត្តបាត់ដំបង មហានគរសៀមរាប និងខេត្តពោធិ៍សាត់ ។ ខណៈនោះ ព្រះអង្គពុំសូវបានជួបប្រទះនឹងការទប់ទល់ស្វិតស្មាញពីកងទ័ព ព្រះស្ដេចកនទេ គឺនៅពេលបន្ទាប់មកប៉ុណ្ណោះដែលព្រះស្ដេចកនបានបញ្ជូនសម្ដេចកៅ ជាមា និងកងទ័ពជាច្រើនម៉ឺននាក់ទៀតទប់ទល់កម្ទេចព្រះអង្គចន្ទរាជានៅ ពោធិ៍សាត់ ។ កងទ័ពព្រះស្ដេចកនបៀតនឹងទទួលជោគជ័យហើយ បែរជាត្រូវបរាជ័យវិញដោយសារទ័ពខ្មោចរបស់អ្នកតាឃ្លាំងមឿងចេញមក ធ្វើអន្តរាគមន៍ ។
ដំណាក់កាលទី២: គឺព្រះអង្គចន្ទរាជាលើកទ័ពទៅវាយប្រហារទ័ពព្រះស្ដេចកននៅក្រគរ ហើយបង្ហួសទៅដណ្ដើមយកបន្ទាយលង្វែក ។ កាលនោះ ព្រះស្រីជេដ្ឋាបានបែងចែកទ័ពជាបីខ្សែគឺ ខ្សែទី១ វាយពីទិសត្បូងចេញពីលង្វែក ខ្សែទី២ ឆ្លងកាត់ទន្លេសាបតម្រង់ទៅស្រុកក្រគរ និងខ្សែទី៣ ត្រូវចេញពីខេត្តអាសន្ទុក កុងបឹងទន្លេសាបព័ទ្ធទៅបាត់ដំបង បើកការវាយប្រហារពីក្រោយខ្មាំង ។ ប៉ុន្តែកងទ័ពព្រះស្ដេចកនខ្សែទី១ និងទី២ ត្រូវបាក់បែកខ្ចាត់ខ្ចាយ ហើយបន្ទាយលង្វែកក៏ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃព្រះអង្គ ចន្ទរាជា ។ ចំណែកឯកងទ័ពខ្សែទី៣ ដោយផ្លូវវែងឆ្ងាយពេក មិនអាចទៅដល់គោលដៅទាន់ពេលវេលា ត្រូវព្រះអង្គបង្គាប់ឲ្យដកទ័ពត្រឡប់មកជួយខាងក្រោយវិញ ។
ដំណាក់កាលទី៣: ព្រះអង្គចន្ទរាជាដណ្ដើមយកខេត្តអាសន្ទុកបាន ហើយហួសទៅយកខេត្តកំពង់សៀមបានទៀត ។
ដំណាក់កាលទី៤: គឺព្រះអង្គវាយយកក្រុងភ្នំពេញ និងខេត្តខណ្ឌទាំងប៉ុន្មានដែលសេសសល់នៅត្រើយខាងលិចទន្លេធំ ឬទន្លេមេគង្គ ។ ពេលនោះទឹកដីខ្មែរត្រូវបែងចែកជាពីរ ហើយព្រះស្រីជេដ្ឋាព្រះស្ដេចកនក៏បាត់បង់បន្ទាយយុទ្ធសាស្ត្រជួរមុខ ពីរសម្រាប់ការពាររាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរដែរ ។ បន្ទាយយុទ្ធសាស្ត្រនោះមានបន្ទាយកំពង់សៀម និងបន្ទាយភ្នំពេញ ។
ដំណាក់កាលទី៥: ជាវគ្គចុងក្រោយនៃសង្គ្រាមដែលវាយប្រហារយកបន្ទាយរាជធានីបាសាន្ត ហើយបង្ហួសទៅឡោមព័ទ្ធយករាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរ ។ ក្នុងចុងយុទ្ធសាស្ត្រនេះ យើងសង្កេតឃើញថា ព្រះស្ដេចកនបានត្រឹមតែធ្វើចម្បាំងការពារដែលចាំតែរង ហើយដកថយជានិច្ច ។ រាជធានីរបស់ព្រះអង្គគ្មានបន្ទាយជួរមុខសម្រាប់ការពារទៀតទេ គឺនៅប្រឈមមុខទល់នឹងកងទ័ពបច្ចាមិត្តដែលគ្រាន់តែចុះទូកឆ្លងទៅ ក៏ដល់ស្រេចទៅហើយ ។ ចំណែកឯរាជធានីបរិបូណ៌របស់ព្រះអង្គចន្ទរាជាវិញ ស្ថិតនៅយ៉ាងឆ្ងាយពីសមរភូមិជួរមុខដែលសត្រូវមិនអាចលូកដៃវាយ ប្រហារទៅដល់ ។
បរាជ័យព្រះស្រីជេដ្ឋាស្ដេចកនក្នុងសង្គ្រាមនេះបណ្ដាលមកអំពី ៖ មួយគឺព្រះអង្គមិនបើកការវាយសម្រុកឲ្យបានញឹកញាប់ ។ ពីរ គឺព្រះអង្គមិនពង្រឹងកងទ័ពនៅតាមបន្ទាយត្រើយខាងលិច និងបីមកអំពីព្រះអង្គបានបាត់បង់ទឹកដីខេត្តអាសន្ទុក (ខេត្តកំពង់ធំ) ដែលជាតំបន់ស្ថិតនៅកណ្ដាលនគរ ។
ចំណែកការរៀបចំកងទ័ពចេញទៅច្បាំងវិញ យើងបានត្រឹមតែដឹងថា មានកងទ័ពជើងគោក និងកងទ័ពជើងទឹក ។
ឯក្នុងការចេញទៅប្រតិបត្តិការសឹក ឯកសារទាំងនេះបានត្រឹមកត់ត្រាថា មានកងទ័ពមុខ កងទ័ពស្ដាំ កងទ័ពឆ្វេង និងកងទ័ពការពារផ្នែកខាងក្រោយ ។ ព្រះមហាក្សត្រក៏យាងចេញធ្វើសង្គ្រាមដែរ ព្រះអង្គកាន់កងទ័ពធំដែលស្ថិតនៅផ្នែកកណ្ដាលកងទ័ពទាំង៤ រង់ចាំធ្វើអន្តរាគមន៍ទៅជួយកងទ័ពទាំង៤ក្រុម ។ ក្រៅអំពីនេះ យើងកត់សម្គាល់ឃើញមានកងទ័ពក្រវែលនៅតាមកងទ័ពធំនីមួយៗទៀត ។
ចំពោះគ្រឿងសាស្ត្រវុធដែលពលទាហានប្រើប្រាស់ក្នុងការធ្វើសឹកសង្គ្រាម យើងឃើញមានកាំភ្លើងតូច កាំភ្លើងធំបន្ថែមពីលើអាវុធយុទ្ធភ័ណ្ឌធ្លាប់មាន ។
ជំនិះដែលគេប្រើក្នុងសឹកសង្គ្រាមមាន សេះ និងដំរី ដោយមិនរាប់ពីរទេះគោ ដែលជាក្រុមដឹកជញ្ជូន ។ កងទ័ពសេះ គេច្រើនប្រើសម្រាប់វាយសម្រុក ឬសម្រាប់ធ្វើជាទ័ពបញ្ឆោតដើម្បីទាក់ទាញអូសខ្មាំងឲ្យចូល អន្ទាក់ ។ ចំណែកកងទ័ពដំរីជាកងទ័ពធំសម្រាប់វាយសម្រុកបំបែកកម្ទេច សត្រូវ ។ ដំរីទាំងអស់សុទ្ធតែត្រូវបានបង្ហាត់បង្រៀនឲ្យចេះចូលប្រឡូកក្នុង ការធ្វើសឹក ។
សឹកសង្គ្រាមចម្បាំង រាំងជលកាប់ចាក់ យើងឃើញមានជាហូរហែក្នុងទំព័រប្រវត្តិសាស្ត្រ តែយើងពុំឃើញមានឯកសារណាមួយបានចងក្រងរៀបរាប់អធិប្បាយអំពី សង្គ្រាម និងកងទ័ពទាំងនោះ ឲ្យបានក្បោះក្បាយទេ ។ ក្បួនពិជ័យសង្គ្រាមដែលគេតែងតែនិយាយសរសេរនោះក៏មិនដឹងជាដូចម្ដេចដែរ ។
ក្រមសីលធម៌នៅក្នុងសង្គ្រាម
ទោះបីជាឯកសារប្រវត្តិសាស្ត្រខ្មែរមិនបានចងក្រងក្បួនខ្នាតក្នុងការ រៀបចំកងទ័ពក៏ពិតមែន តែឯកសារទាំងនោះបានកត់ត្រានូវក្រមសីលធម៌មួយចំនួនដែលបុព្វបុរស យើងសម័យបុរាណតែតែគោរពប្រតិបត្តិអនុវត្តតាមដោយមិនហ៊ាន បំពាន ។
ព្រះស្រីជេដ្ឋាព្រះស្ដេចកន និងព្រះអង្គចន្ទរាជាតែងតែយល់ព្រមគោរពផ្អាកធ្វើសង្គ្រាមនៅពេលណា ដែលរដូវវស្សាត្រូវធ្វើស្រែចម្ការចូលមកដល់ ។ គេយល់ថា បើអត់បាយ គេក៏ពុំអាចនឹងធ្វើសឹកសង្គ្រាមបន្តទៅទៀតបានដែរ ។ មួយចំណែកពលទាហានក៏ត្រូវរកអង្ករបាយសម្រាប់ចិញ្ចឹមក្រុមគ្រួសារ ពីព្រោះព្រះរាជា ឬរាជការមិនទទួលចិញ្ចឹមអ្នកទាំងនោះឡើយ ។ កាលណាធ្វើស្រែចម្ការប្រមូលភោគផលបានហើយ ទើបគេប្រកាសចាប់ផ្ដើមបន្តធ្វើសឹកសង្គ្រាមបន្តទៅទៀត ។
ក្នុងពេលដែលយល់ព្រមទាំងសងខាងផ្អាកសង្គ្រាម ម្ខាងៗត្រូវតែគោរព មិនត្រូវប្រើកលល្បិចឧបាយទៅលួចវាយប្រហារសត្រូវទេ ។ អ្នកដែលរំលោភក្រមសីលធម៌នឹងត្រូវអាប់កិត្តិយស គេតិះដៀលប្រមាថ និងផ្ដន្ទាទោស ។
ព្រះអង្គចន្ទរាជា ទ្រង់ពិរោធខ្ញាល់យ៉ាងខ្លាំងនៅពេលទ្រង់ជ្រាបថា ឧកញ៉ាចក្រីកែវបានបញ្ជាឲ្យមេទ័ព៤នាក់ទៅលួចធ្វើឃាត ព្រះស្រីជេដ្ឋាព្រះស្ដេចកននៅរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរ ។ ព្រះអង្គបានស្ដីបន្ទោសថា ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសព្រះអង្គដែលជាក្សត្រ និងប្រៀនប្រដៅកុំឲ្យធ្វើតាមព្រះស្ដេចកនដែលជារាជាស្ដេច ព្រៃ ។
កាលក្រោយមកទៀត ឧកញ៉ាយមរាជបានបញ្ជាក្រុមសេនាទាហានកាំភ្លើងតូច១០០នាក់ឲ្យទៅចាំ ធ្វើឃាតព្រះស្រីជេដ្ឋាព្រះស្ដេចកននៅតាមផ្លូវទៅវត្ត ព្រះធាតុ ។ ការប៉ុនប៉ងធ្វើឃាតនេះមិនបានសម្រេចត្រូវឮទៅដល់ព្រះអង្គ ចន្ទរាជា ។ ព្រះអង្គក៏បញ្ជាឲ្យចាប់ខ្លួនឧកញ៉ាយមរាជសួសយកទៅសម្លាប់ ភ្លាម ។
ប៉ុន្តែក្នុងពេលដែលកំពុង ជាប់ដៃធ្វើសឹកសង្គ្រាមវាយប្រហារកាប់ចាក់ប្រយុទ្ធគ្នានោះ គេអាចប្រើកិច្ចកលល្បិចឧបាយគ្រប់បែបយ៉ាងដើម្បីយកជ័យជម្នះលើ សត្រូវ ។
ការចរចាស្រុះស្រួលគ្នា បញ្ចប់សង្គ្រាមដូចមានខាងលើ តែងតែធ្វើឡើងដោយភាគីស្ដេចម្ខាងៗបញ្ជូនមន្ត្រីធំណាម្នាក់ឲ្យ ធ្វើជារាជទូត ។ រាជទូតដែលនាំសារត្រូវបានព្រះរាជាឲ្យដាក់សារលើជើងពានមាស មានទាំងជំនូនយកទៅថ្វាយស្ដេចម្ខាងទៀត ។ ព្រះមហាក្សត្រដែលបានទទួលហើយ ត្រូវថ្វាយជំនូនតបទៅវិញតាមទម្លាប់ប្រពៃណី ។
រាជទូតមានបុព្វសិទ្ធិ គ្មាននរណាអាចរំលោភបានឡើយ ។ ព្រះស្រីជេដ្ឋាព្រះស្ដេចកនចង់ស្នើទៅព្រះអង្គចន្ទរាជាចែកទឹកដី ខ្មែរជាពីរ បានបញ្ជូនរាជទូតចៅពញាសង្គ្រាមកែវឲ្យនាំយកព្រះរាជសារដាក់លើពាន មាសទៅទុលថ្វាយស្ដេចត្រើយខាងលិច ។ តែព្រះរាជសារ និងពានមាសត្រូវធ្លាក់ទឹកបាត់រកមិនឃើញដោយសារការវាយប្រហារពី កងទ័ពល្បាតរបស់ព្រះអង្គចន្ទរាជា ។
ព្រះអង្គចន្ទរាជា កាលបើដឹងដូច្នេះ បានត្រាស់បង្គាប់ឲ្យមេទ័ព កងល្បាត ឧកម៉ឺនជំនិតសទ្រូវសូទៅដាក់ឃ្នាងបណ្ដើរអាក្រោសជុំវិញបន្ទាយ ហើយវាយ២៤រំពាត់ ។ បន្ទាប់មកព្រះអង្គឲ្យយកជើងពានមាសមកសងរាជទូតព្រះស្ដេចកន វិញ ។
អស្ចារ្យទៅទៀតនោះ អ្នកឈ្នះតែងតែធ្វើបុណ្យឲ្យអ្នកចាញ់ ។ ព្រះយសរាជាធ្វើបុណ្យថ្វាយព្រះស្រីជេដ្ឋា និងអ្នកម្នាងជាលែង ។ ឯក្នុងអតីតកាលស្ដេចដំបងក្រញូងធ្វើបុណ្យឲ្យស្ដេចដែលខ្លួនទើបតែ ដណ្ដើមយករាជ្យ ។ ព្រះអង្គចន្ទរាជាធ្វើបុណ្យឲ្យចៅពញាអុង មេទ័ពសៀម ។
ក្រមសីលធម៌ក្នុងការធ្វើ សឹកសង្គ្រាមត្រូវបានរៀបរាប់យ៉ាងក្បោះក្បាយតែក្នុងឯកសារពង្សាវតារ វត្តទឹកវិល ។ ឯកសារផ្សេងទៀត ដូចជា ពុំសូវចាប់អារម្មណ៍ និងឲ្យតម្លៃទៅលើព្រឹត្តិការណ៍ទាំងនេះទេ ។
ការរៀបចំគ្រប់គ្រងនគរ
ឯ ក្នុងផ្នែកគ្រប់គ្រងរៀបចំទឹកដីនគរវិញ ក្សត្រទាំងពីរមិនបានធ្វេសប្រហែលទេ ។ ម្ខាងៗសុទ្ធតែប្រឹងប្រែងរៀបចំយុទ្ធសាស្ត្រនយោបាយដើម្បីទាក់ទាញការ គាំទ្រពីមេទ័ព មន្ត្រីរាជការ សេនា ទាហាន ព្រះសង្ឃ និងប្រជានុរាស្ត្រ ។ ទន្ទឹមនឹងសង្គ្រាមក្ដៅក្រហាយ កាប់សម្លាប់គ្នាក៏មានសង្គ្រាមមួយទៀតដែលជាសង្គ្រាមដណ្ដើមយក ប្រជានុរាស្ត្រដែលយើងចាត់ទុកជាសង្គ្រាមចិត្តសាស្ត្រ ឬសង្គ្រាមនយោបាយ ។
ព្រះស្រីជេដ្ឋា ព្រះស្ដេចកនកាលបើឡើងសោយរាជសម្បត្តិជាព្រះមហាក្សត្រកម្ពុជា ព្រះអង្គចាត់ចែងតែងតាំងមាព្រះអង្គឈ្មោះកៅ ជាសម្ដេចចៅហ៊្វាវាំង ។ គណៈសង្ឃ ព្រមទាំងទ្រទ្រង់ព្រះរតនៈទាំង៧អង្គ ក៏បានត្រូវតែងតាំងដែរ ។ ព្រះអង្គត្រាស់បង្គាប់ឲ្យបោះប្រាក់ស្លឹង មាសស្លឹង ត្រារូបនាគ ឲ្យរាស្ត្រចាយវាយដោះដូរ ធ្វើចលនក្នុងព្រះរាជាណាចក្រ ។ នេះជាព្រឹត្តិការណ៍ទី១ក្នុងប្រវត្តិសាស្ត្រខ្មែរដែលប្រទេសកម្ពុជា មានបោះពុម្ពប្រាក់ប្រើ ដូចជាប្រទេសនៅទ្វីបអឺរ៉ុប ។ ព្រឹត្តិការណ៍នេះអាចឲ្យយើងចោទសួរថា តើព្រះអង្គទទួលឥទ្ធិពលពីណា ? តាមរយៈណា ?
ក្នុង ផ្នែកនេះ យើងមានជំនឿថា ព្រះស្ដេចកនពិតជាមានទំនាក់ទំនងនឹងប្រទេសជិតឆ្ងាយនៅអាស៊ីអគ្នេយ៍ ដែលជាមូលហេតុឲ្យព្រះអង្គទទួលឥទ្ធិពលយល់អំពីរបៀបបោះប្រាក់ចាយ ធ្វើចរាចរក្នុងផ្នែកពាណិជ្ជកម្ម ។ សក្ខីភាពមួយទៀតដែលអាចបញ្ជាក់ទំនាក់ទំនងអន្តរជាតិជាមួយប្រទេសនៅ អាស៊ីអគ្នេយ៍ គឹព្រះអង្គបានបញ្ជូនសំពៅ២ផ្ទុកទំនិញពេញឲ្យយកទៅលក់ដូរនៅ ប្រទេសម៉ាឡាយូ ហើយត្រូវទិញកាំភ្លើងតូច កាំភ្លើងធំមកវិញ ។
រីឯព្រះអង្គចន្ទរាជាក៏ដូចគ្នាដែរ គ្រាន់តែបានទទួលអភិសេកជាព្រះមហាក្សត្រ ព្រះអង្គចាប់ផ្ដើមតែងតាំងទ្រទ្រង់ព្រះរតនត្រ័យទាំង៧អង្គមាន ៖ សម្ដេចចៅហ៊្វាទឡ្ហៈ (នាយករដ្ឋមន្ត្រី) ឧកញ៉ាយមរាជ (រដ្ឋមន្ត្រីក្រសួងយុត្តិធម៌) ឧកញ៉ាក្រឡាហោម (រដ្ឋមន្ត្រីក្រសួងទ័ពជើងទឹក) ឧកញ៉ាចក្រី (រដ្ឋមន្ត្រីក្រសួងទ័ពជើងគោក) និងឧកញ៉ាវាំង (រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង) ។
ព្រះអង្គបន្តតែងតាំងរហូតដល់ក្មួយរបស់ព្រះអង្គ សម្ដេចព្រះភាគិនេយ្យាយសរាជា ព្រមទាំងមេទ័ពតូចធំ ក្រុមរក្សាព្រះអង្គ ពលសេនា ចៅហ្វាយស្រុក មេឃុំ និងមេភូមិ ជាលំដាប់លំដោយតាមគុណបំណាច់ ។
ព្រះអង្គ ក៏មិនភ្លេចរំឭកដល់ឧបការគុណរបស់ចៅពញាសួគ៌ាលោកមឿងដែលបានបូជា ជីវិតស្លាប់ដើម្បីទៅកេណ្ឌទ័ពខ្មោចមកជួយព្រះអង្គ ។ កាយវិការនេះជាសក្ខីភាពមួយបញ្ជាក់ប្រាប់អស់មហាជន មន្ត្រីរាជការ មេទ័ព និងសេនាទាហានថា ព្រះអង្គជាក្សត្រគោរពគុណ ចេះឲ្យតម្លៃទៅលើមនុស្សដែលមានវីរភាព ។ កាយវិការនេះអាចនឹងជំរុញទឹកចិត្តមនុស្សម្នា ប្រជាពលរដ្ឋខ្មែរមានជំនឿជឿទុកចិត្តស្រឡាញ់គោរពព្រះអង្គ ។
ព្រះអង្គចន្ទរាជាបង្កើតឲ្យមានស័ក្តិយសជា ហ៊ូពាន់ សម្រាប់សម្គាល់ឋានន្តរស័ក្តិមន្ត្រីរាជការនីមួយៗ ។
ព្រះមហាក្សត្រខ្មែរទាំងពីរក៏ប្រណាំងប្រជែងគ្នាដែរក្នុងការជ្រើសរើសរកអាចារ្យ សាស្ត្រាចារ្យ បណ្ឌិត ចេះបាលីក្បួនខ្នាត ច្បាប់ទម្លាប់ប្រពៃណី សិល្បសាស្ត្រគ្រប់បែបយ៉ាង និងអ្នកមានថ្វីដៃក្នុងក្បួនពិជ័យសង្គ្រាម ចេះប្រយុទ្ធបាញ់កាប់ចាក់ មកធ្វើជាមេទ័ព មន្ត្រីរាជការ ។ ព្រះអង្គបង្គាប់បញ្ជាឲ្យកិច្ចការរាជការ ទំនុកបម្រុងយកចិត្តទុកដាក់ចិញ្ចឹមអ្នកទាំងនោះ កុំឲ្យការខ្វះខាតវេទនា ។
នេះទិដ្ឋភាពមួយបញ្ជាក់ថា ស្ដេចទាំងពីរអង្គ ទោះបីជាធ្វើសង្គ្រាមកាប់សម្លាប់ហុតឈាមគ្នាយ៉ាងណាក៏ដោយក៏នៅគិត និងឲ្យតម្លៃទៅដល់ធនធានមនុស្ស អ្នកមានចំណេះដឹងខ្ពស់ និងអ្វីដែលជាអក្សរសាស្ត្រ និងវប្បធម៌ជាតិ ។
ប្រព័ន្ធយុត្តិធម៌ក៏ត្រូវបានព្រះស្រីជេដ្ឋាព្រះស្ដេចកន និងព្រះបាទអង្គចន្ទរាជាលើកយកមកធ្វើជាសមរភូមិច្បាំងគ្នាដែរ ដើម្បីបញ្ជាក់បង្ហាញថា តើក្សត្រអង្គណាមួយដែលគិតគូរអំពីបញ្ហាយុត្តិធម៌ ? តើស្ដេចណាមួយដែលយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ ប្រជានុរាស្ត្រ ? ចៅពេជ និងនាងគាំ ដែល សាហាយស្មន់នឹងគ្នា រត់ពីក្រុងស្រីសឈរ មកជ្រកកោននៅស្ដេចត្រើយខាងលិច ។ ដោយមានបណ្ដឹងកើតទុក្ខមិនសុខចិត្តពីក្រុមគ្រួសារប្រពន្ធដើមនៅ ត្រើយខាងកើត ហើយដោយដឹងគ្រប់ដំណើរសាច់រឿង ព្រះអង្គចន្ទរាជា ក៏កាត់ក្ដីឲ្យចាប់ខ្លួនបុរសឈ្មោះពេជបណ្ដើរអាក្រោស៣ថ្ងៃ នៅក្រុងបរិបូណ៌ ហើយវាយនឹងព្រ័ត្រលួស១០០រំពាត់ ។ល។
ព្រះស្ដេចកនចេញបញ្ជាថា គួរតែធ្វើកំណែទម្រង់ច្បាប់ប្រព័ន្ធយុត្តិធម៌ ដោយត្រូវបន្ធូរបន្ថយទោស ចំពោះអ្នកចាញ់ក្ដី ពី៣ភាគ មក២ភាគ ។ ចំណែកព្រះអង្គចន្ទរាជាត្រាស់បង្គាប់ឲ្យពិន័យដាក់ទោសមនុស្សខូចឲ្យ រឹតតែធ្ងន់ ។
ការរៀបចំរចនាសម្ព័ន្ធ ព្រះសង្ឃ មន្ត្រីរាជការ ការជ្រើសរើសប្រមែប្រមូលអ្នកប្រាជ្ញបណ្ឌិត អ្នកមានទេពកោសល្យគ្រប់ផ្នែក និងការរៀបចំប្រព័ន្ធយុត្តិធម៌ដែលយើងបានកត់សម្គាល់នៅក្នុង រជ្ជកាលព្រះស្រីជេដ្ឋាព្រះស្ដេចកនគឺកើតលេចចេញមកអំពីសង្គ្រាម អំពីការប្រណាំងប្រជែងយកចាញ់ឈ្នះជាមួយនឹងព្រះបាទអង្គ ចន្ទរាជា ។
សង្គ្រាម និងការប្រណាំងប្រជែងគ្នារវាងស្ដេចទាំងពីរបានជោគជ័យ ឬបានបរាជ័យ ជាកត្តាមួយផ្នែកធំដែលបាននាំមកនូវភាពវិជ្ជមានជាច្រើនដល់ សង្គមជាតិ ធ្វើឲ្យសង្គមនោះចេះអភិវឌ្ឍ ចេះត្រិះរិះពិចារណាអំពីជោគវាសនារបស់ខ្លួន ។
ឯការចាញ់ឈ្នះរបស់ព្រះស្រីជេដ្ឋាព្រះស្ដេចកន ក៏ដូចជា ព្រះអង្គចន្ទរាជា ក៏ត្រូវផ្អែកទៅលើភូមិសាស្ត្រនយោបាយ និងចំណុចយុទ្ធសាស្ត្រជាច្រើននៅតាមតំបន់ភូមិភាគប្រទេសដែរ ។
ភូមិសាស្ត្រនយោបាយ
ឯកសារពង្សាវតារខ្មែរមួយចំនួនមិនបានរៀបរាប់អធិប្បាយអំពីភូមិសាស្ត្រ ទឹកដី និងចំណុចយុទ្ធសាស្ត្រណាមួយឲ្យបានច្បាស់លាស់លម្អិតឡើយ ។ ឯកសារទាំងនោះច្រើនតែឲ្យតម្លៃទៅលើព្រឹត្តិការណ៍ព្រះមហាក្សត្រឡើង សោយរាជ្យ ព្រះមហាក្សត្រធ្វើសង្គ្រាមបានទទួលជោគជ័យ និងព្រះមហាក្សត្រចូលទីវង្គត ។
ដូចនេះ យើងមានការពិបាកជាច្រើនដើម្បីស្វែងរកតំបន់នីមួយៗតាមការកត់ត្រា សរសេររបស់ពង្សាវតារខ្មែរ ។ ទោះបីជាមានការពិបាកច្រើនក្នុងការកំណត់ទស្សនៈអ្វីមួយឲ្យបាន ច្បាស់លាស់ ក៏យើងអាចសន្និដ្ឋានបានដែរថា ទន្លេ ស្ទឹង ព្រែក និងបឹងបួរ ជាកត្តាមូលដ្ឋានធំមួយក្នុងការកំណត់ប្រវត្តិសាស្ត្រខ្មែរដែរ ។
ទន្លេធំក្នុងប្រវត្តិសាស្ត្រខ្មែរ
តាមពិតទៅនៅស្រុកខ្មែរ ទន្លេធំ ឬទន្លេច្រាបឈាម ឬទន្លេមេគង្គ បានដើរតួនាទីមួយយ៉ាងសំខាន់ណាស់ក្នុងការកំណត់ប្រវត្តិសាស្ត្រ ខ្មែរ ។ លក្ខណៈធម្មជាតិរបស់ទន្លេធំបានក្លាយទៅជាព្រំដែនបែងចែក ទឹកដី ។
ការបែងចែកទឹកដីដោយទន្លេធំនេះ មានអាយុកាលតាំងពីសម័យមុនអង្គរទៅទៀត ។ ជាពិសេសការបែងចែកបង្កើតឲ្យមាននគរចេនឡា និងនគរហ្វូណន ឬនគរភ្នំ ។
នគរចេនឡា ស្ថិតនៅត្រើយខាងលិចទន្លេធំ និងនគរភ្នំស្ថិតនៅត្រើយខាងកើត ។ នគរចេនឡាគ្របដណ្ដប់ភូមិភាគខាងជើងភ្នំដងរែក នគរសៀម និងលាវលាតសន្ធឹងចុះតាមត្រើយទន្លេធំ ។ ខាងលិចចុះមកដល់កំពង់សៀមក្នុងខេត្តកំពង់ចាមបច្ចុប្បន្ន ។
ចំណែកនគរហ្វូណន ឬចេនឡាទឹកលិច មានទឹកដីផ្នែកត្រើយខាងកើតទន្លេធំ ចុះពីលើម្ដុំខេត្តក្រចេះចុះទៅដល់សមុទ្រ ។ កាលនោះ រាជធានីសម្ភុបុរៈត្រូវគេតាំងទីនៅក្នុងតំបន់សម្បុកសម្បូណ៌ ។
នគរ ទាំងពីរដែលមានទន្លេមេគង្គ ឬទន្លេធំជាព្រំដែនសីមា តែងតែប៉ះទង្គិចធ្វើសង្គ្រាមប្រយុទ្ធគ្នាទៅវិញទៅមកដើម្បីធ្វើ ការបង្រួបបង្រួមទឹកដីកម្ពុជាតែមួយ ។
ក្រោយ មកក្នុងសតវត្សទី១៥នៃគ្រឹស្តសករាជ កូនចៅព្រះបាទពញាយ៉ាត បានឈ្លោះទាស់ទែងគ្នាដណ្ដើមរាជសម្បត្តិ ធ្វើសឹកសង្គ្រាមបែងចែកទឹកដីជាបីចំណែក ដោយយកទន្លេធំ និងទន្លេសាបជាព្រំប្រទល់ទឹកដីសីមា ។ ដោយសារទន្លេជាព្រំដែន ជាកំពែងគូទឹកការពារ សង្គ្រាមនេះអូសបន្លាយយ៉ាងយូរ គ្មានអ្នកចាញ់ គ្មានអ្នកឈ្នះ ដែលជាកក្តាឲ្យស្ដេចខ្មែរទាំងបីអង្គនាំគ្នាទៅអង្វរសុំស្ដេច សៀមមកចាត់ចែងជំនួស ។
ចូលមកសតវត្សទី ១៦ ទន្លេធំ ឬទន្លេច្រាបឈាមបានមកចែកនគរខ្មែរជាពីរម្ដងទៀត ហើយកំណត់ទឹកដីព្រះស្ដេចកននៅត្រើយខាងកើត និងដែននគរព្រះអង្គចន្ទរាជានៅត្រើយខាងលិច ។
ហើយ ជារៀងរហូតមក កាលកម្ពុជាស្ថិតនៅក្រោមអាណានិគមសៀម និងយួន ទន្លេធំក៏ជាដែនកំណត់ឥទ្ធិពលនគរទាំងពីរ ។ ចូលមកដល់សម័យអាណានិគមបារាំង និងបន្ទាប់មក ទន្លេធំ ឬទន្លេមេគង្គស្ថិតនៅជាខ្សែទឹកយុទ្ធសាស្ត្រដែលកំណត់នយោបាយ ឥរិយាបថនគរ និងអ្នកដឹកនាំប្រទេសជាតិ ។
យើង ឃើញថា អស់រយៈពេលជាង២០សតវត្សដែលទន្លេធំ ឬទន្លេច្រាបឈាម ឬទន្លេមេគង្គបានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការកំណត់ ប្រវត្តិសាស្ត្រខ្មែរ ។
ក្នុង បច្ចុប្បន្ន និងតទៅក្នុងអនាគត ទន្លេធំ ឬទន្លេមេគង្គនៅតែមានតួនាទីក្នុងសង្គមជាតិខ្មែរ ក៏ដូចជាក្នុងតំបន់ដែរ ។ តួនាទីអាចផ្លាស់ប្ដូរពីព្រំដែន ពីខណ្ឌកំណត់មកជាមូលដ្ឋានបង្រួបបង្រួមសហប្រតិបត្តិការ ។
ទន្លេធំ ផ្លូវយុទ្ធសាស្ត្រ
ទន្លេ មិនមែនមានតួនាទីជាព្រំដែនខណ្ឌសីមាប៉ុណ្ណោះទេនៅកម្ពុជាសម័យដើម ទន្លេ ស្ទឹង ព្រែក និងអូរជាផ្លូវគមនាគមន៍មួយយ៉ាងសំខាន់ និងឆាប់រហ័សដែលប្រជាពលរដ្ឋខ្មែរតែងតែនិយម ។ សារៈសំខាន់នេះហើយដែលជំរុញឲ្យមានឧកញ៉ាក្រឡាហោមក្នុងចំណោមមន្ត្រី ចតុស្ដម្ភរបស់ព្រះមហាក្សត្រខ្មែរ ។
ម្យ៉ាង វិញទៀត រូបចម្លាក់នៅប្រាសាទបាយ័នក៏បញ្ជាក់ដែរថា សង្គ្រាមនៅនគរខ្មែរ គេមានរៀបចំកងទ័ពជើងទឹកធ្វើសង្គ្រាមយ៉ាងអឹកធឹកអស្ចារ្យ តាមទូកតូចធំ ។ ឯមុខរបររកស៊ីនេសាទត្រីក៏ជាផ្នែកមួយសមខាន់នៃសង្គមជាតិខ្មែរ សម័យមុនដែរ ។
ក្នុងសតវត្សទី១២ កងទ័ពនគរចម្ប៉ាដែលអាចវាយលុកមហានគរ និងខ្មែរអាចចូលទៅវាយប្រហារកម្ចាត់កងទ័ពចាមបានក្នុងគ.ស១១៨១ ក៏ដោយសារប្រើប្រាស់ទន្លេស្ទឹង ព្រែកបញ្ជូនកងទ័ពទៅធ្វើសឹកសង្គ្រាមដែរ ។
ផ្លូវទឹកទាំងអស់ស្ថិតនៅក្នុងការត្រិះរិះគិតពិចារណា និងយុទ្ធសាស្ត្ររបស់ព្រះមហាក្សត្រខ្មែរដែលចាត់ទុកជាផ្លូវគមនាគមន៍ ទាំងនោះជាចំណុចសំខាន់ស្លាប់រស់ ។
ព្រះបាទជ័យវរ្ម័នទី២ (៨០២‑៨៥៤) បានផ្លាស់ប្ដូរព្រះរាជធានីមកតាំងទីនៅលើទឹកដីសៀមរាបបច្ចុប្បន្ន ពីព្រោះព្រះអង្គយល់ច្បាស់ថា តំបន់នេះស្ថិតឆ្ងាយពីទន្លេធំដែលជាច្រកចេញចូលរបស់កងទ័ពជ្វា ធ្លាប់ឡើងទៅវាយប្រហាររាជធានីសម្ភុបុរៈ ។
បើខ្មាំង ជាពិសេសកងទ័ពជើងទឹកជ្វាចូលទៅវាយប្រហារក៏ពិបាកដែរពីព្រោះមាន កោះ មានព្រៃលិចទឹកក៏ច្រើន ។ ម្យ៉ាងវិញទៀត កាលនោះនៅផ្នែកទិសខាងលិចពុំទាន់មានប្រទេសសៀម ឬជនជាតិណាអាចមកវាយប្រហារខ្មែរឡើយ ។ ដូចនេះ ការភ័យព្រួយបារម្ភរបស់ព្រះមហាក្សត្រខ្មែរ គឺផ្ដោតទៅលើទ្វារច្រកចេញចូលតាមទន្លេ ។
ព្រះបាទពញាយ៉ាត ដោយធ្លាប់មានការពិសោធក្នុងព្រឹត្តិការណ៍សៀមវាយប្រហារពីទិស ខាងលិចបានលើកព្រះរាជធានីពីអង្គរមកតាំងទីនៅទួលបាសាន្ត ។ ព្រះអង្គយល់ថា សៀមនឹងមានការពិបាកច្រើន បើចង់លើកកងទ័ពមកវាយប្រយុទ្ធធ្វើសង្គ្រាមនឹងខ្មែរ ពីព្រោះខ្មែរមានទន្លេសាប ទន្លេធំ និងស្ទឹងព្រែកបឹងបួរជារនាំងច្រើនសម្រាប់ការពារ ។ ម្យ៉ាងវិញទៀត ទួលបាសាន្តស្ថិតនៅជាប់ទន្លេតូច មានបឹងធំៗនៅជិតជុំវិញ ហើយមិនឆ្ងាយពីទន្លេធំ ព្រះអង្គអាចការពារនគរ អាចបញ្ជាទ័ព អាចធ្វើចលនាផ្លាស់ប្ដូរបានយ៉ាងងាយស្រួល ។ មិនតែប៉ុណ្ណោះ ដូចដែលយើងបានរៀបរាប់អធិប្បាយរួចមកហើយ តំបន់ទួលបាសាន្ត ឬតំបន់ព្រះវិហារសួគ៌ ជាទឹកដីភូមិភាគមួយដែលមានធនធានមនុស្ស មានកម្លាំងសាសនា មានកម្លាំងទ័ព កម្លាំងសេដ្ឋកិច្ចគ្រប់គ្រាន់ក្នុងការតតាំងប្រឈមមុខនឹងសត្រូវ សៀម ។
ពេលនោះ ព្រះអង្គមិនខ្លាចទ័ពជ្វា ឬប្រទេសដែលស្ថិតផ្នែកខាងត្បូងទេ ពីព្រោះនគរចម្ប៉ាកំពុងតែជាប់ប្រយុទ្ធនឹងកងទ័ពយួន ។ ហើយយួននេះសោត មិនទាន់មានកម្លាំងធ្វើឲ្យខ្មែរខ្លាចភ័យព្រួយបារម្ភដែរ ។
មួយ ផ្នែកទៀត បើសៀមលើកទ័ពមកវាយប្រហារយកទឹកដីខ្មែរ ព្រះបាទពញាយ៉ាតអាចបញ្ជូនទ័ពទៅទប់ទល់ខ្មាំងនៅអង្គរ យកទឹកដីនេះធ្វើជាសមរភូមិប្រឈមមុខ ។ តាមការសង្កេត និងពិចារណា យើងសន្និដ្ឋានបានថា ព្រះមហាក្សត្រអង្គនេះមានទំនុកទុកចិត្តជឿជាក់លើខ្លួនឯងដែលមាន ប្រៀបលើសៀម ដោយព្រះអង្គស្គាល់ច្បាស់អំពីភូមិសាស្ត្រផ្លូវទឹកដែលតភ្ជាប់ រាជធានីទួលបាសាន្តទៅអង្គរ ។ គឺព្រះអង្គអាងទៅលើផ្លូវកាត់ឆ្លងចេញពីទន្លេសាបមកទន្លេធំចូល ទន្លេតូចដោយមិនចាំបាច់ព័ទ្ធទៅកុងឯជ្រោយចង្វារទើបចូលទន្លេធំ ហើយបកឡើងទៅលើវិញ ។
តាមការស្រាវជ្រាវរបស់យើង ផ្លូវកាត់តាមផ្លូវទឹកនេះមាន២ច្រក ។ ច្រកទី១ នៅត្រង់ខេត្តកំពង់ឆ្នាំង ត្រង់ម្ដុំភូមិខ្លាគ្រហឹម ចូលតាមបឹងខ្ល និងបឹងខ្លួយ មកភូមិទួលចាក់ចូលតាមព្រែកត្រស់តាមស្រុករកាកោងចេញទៅទន្លេ ធំ ។ ច្រកទី២ ចុះពីខេត្តកំពង់ឆ្នាំង ឆ្លងហួសបន្ទាយលង្វែកមកដល់កំពង់ហ្លួង ព្រែកក្ដាម ចូលតាមព្រែករកាកោង កាត់តាមកំពង់ព្រះ កំពង់ប្រាសាទ ទៅដល់ស្រុករកាកោង ហើយចេញទៅទន្លេធំ ចូលរាជធានីបាសាន្តដូចគ្នា ។
ចំណែក ព្រះស្រីជេដ្ឋាព្រះស្ដេចកនដែលប្ដូរពីព្រះរាជធានីទៅគង់នៅ ស្រឡប់ដូនតីពិជ័យព្រៃនគរនោះវិញ ក៏មកពីបុព្វហេតុព្រួយបារម្ភនឹងផ្លូវទន្លេយុទ្ធសាស្ត្រទាំងនោះ ដែរ ។ ព្រះអង្គបានគិតជាស្រេចហើយថា ព្រះអង្គចន្ទរាជាដែលភៀសខ្លួនទៅស្រុកសៀម គង់តែមានថ្ងៃណាមួយកេណ្ឌទ័ពមកដណ្ដើមរាជសម្បត្តិពីព្រះអង្គជា មិនខាន ។ ព្រះអង្គយល់ថា ព្រះអង្គចន្ទរាជាដែលស្គាល់ភូមិសាស្ត្រប្រទេសកម្ពុជាកណ្ដាល និងទួលបាសាន្តយ៉ាងច្បាស់នោះ មុខជាបើកការវាយប្រហារតាមកងទ័ពជើងទឹកជាមិនខាន ។ ឯទួលបាសាន្តនៅជិតទន្លេ ព្រែក និងបឹងពេក ដូចនេះ ព្រះអង្គត្រូវតែប្ដូររាជធានីទៅត្បូងឃ្មុំឲ្យឆ្ងាយពីទន្លេបន្តិច ហើយទុកក្រុងស្រីសឈរ ឬទួលបាសាន្តជាបន្ទាយកន្លែងយុទ្ធសាស្ត្រចាំទប់ទល់បច្ចាមិត្ត ។
ឯការសុបិននិមិត្តដែលណែនាំប្រាប់ព្រះស្រីជេដ្ឋាព្រះស្ដេចកនឲ្យប្ដូរ រាជធានីអាចចាត់ទុកថាជាការពិតក៏បាន អាចថាជាសិល្បៈមួយក្នុងការសរសេរកោតសរសើរបុណ្យបារមីក៏បាន ។
ដូចនេះយើងកត់សម្គាល់ឃើញថា ទន្លេ ធំជាសមរភូមិក្ដៅដែលគេធ្វើសង្គ្រាមបង្ហូរឈាមច្រើនអនេក ពាសពេញវាលកាលទន្លេស្ទឹងបឹងបួរ ជាមូលហេតុនាំឲ្យប្រជារាស្ត្រខ្មែរដាក់ឈ្មោះថា ទន្លេច្រាបឈាម ។ ទន្លេធំស្ថិតនៅជាផ្លូវទឹកធំក្នុងនយោបាយ និងយុទ្ធសាស្ត្រដដែល រួមទាំងចំណុចយុទ្ធសាស្ត្រជាច្រើនទៀត ។
ចំណុចយុទ្ធសាស្ត្រ
ចំណុចយុទ្ធសាស្ត្រគឺសំដៅទៅលើផ្នែកសឹកសង្គ្រាមដែលស្ថិតនៅតាមដងទន្លេ ស្ទឹង និងព្រែក ។
ឯកសារពង្សាវតារខ្មែរពុំបានចាប់អារម្មណ៍ទៅលើចំណុចសំខាន់ដែលជាជីពចរ របស់នគរទេ ។ អ្នកនិពន្ធបានត្រឹមតែកត់ត្រានូវតំបន់ផ្សេងៗដែលជាសមរភូមិបង្ហូរ ឈាម ។ អ្នកប្រវត្តិវិទូទាំងនោះពុំដែលចោទសួរ ឬពន្យល់ថា ហេតុដូចម្ដេចព្រះមហាក្សត្រខ្មែរ មេទ័ពខ្មែរបើកការប្រយុទ្ធធ្វើសង្គ្រាមនៅកន្លែងនេះ ឬនៅកន្លែងនោះ ?
នៅក្នុងប្រវត្តិ ព្រះស្ដេចកនដែលបកស្រាយអធិប្បាយយ៉ាងច្រើន និងលម្អិតនៅក្នុងពង្សាវតារវត្តទឹកវិល យើងកត់សម្គាល់ឃើញសង្គ្រាមរវាងព្រះអង្គ និងព្រះអង្គចន្ទរាជាតែងតែប្រយុទ្ធប្រឈមមុខកាប់សម្លាប់គ្នានៅ ត្រង់ចំណុចដដែលៗ ៖
- បន្ទាយលង្វែក
- ខេត្តអាសន្ទុក ឬកំពង់ធំ
- បន្ទាយខេត្តកំពង់សៀម ឬខេត្តកំពង់ចាម
- បន្ទាយភ្នំពេញ
- រាជធានីទួលបាសាន្ត ឬស្រីសឈរ ។
ចំណុចទាំង៥នេះសុទ្ធតែជាទីតាំងយោធាដែលស្ថិតនៅដងទន្លេ ។ បើយើងសង្កេតពិនិត្យតាមផែនទី និងចុះទៅមើលដល់ទីកន្លែងទឹកដីនោះ យើងនឹងយល់ឃើញ និងជឿជាក់ថា បន្ទាយទាំងនោះជាចំណុចយុទ្ធសាស្ត្រ ឬជាបន្ទាយចាំយាមការពារមាត់ទ្វារចេញចូលទៅអង្គរ ក៏ដូចជាទៅរាជធានីបាសាន្ត ឬរាជធានីភ្នំពេញ ។
បើយោងទៅតាមការពណ៌នាក្នុងពង្សាវតារវត្តទឹកវិល បន្ទាយលង្វែកជាកន្លែងយុទ្ធសាស្ត្រត្រួតពិនិត្យការពារច្រកចេញចូលទន្លេសាប ។ ចុះមកក្រោមបន្តិច ទីក្រុងភ្នំពេញ ជាចំណុចយុទ្ធសាស្ត្រចាំយាមត្រួតពិនិត្យច្រកចេញចូលនៅទន្លេបួន មុខទាំងទៅទន្លេសាប ទៅទន្លេធំ ក៏ដូចជាទន្លេបាសាក់ និងទន្លេដែលចុះទៅស្រុកយួនដែរ ។
ចំណែកខេត្តអាសន្ទុក ជាទឹកដីដែលស្ថិតនៅចំកណ្ដាលប្រទេសកម្ពុជា និងជាតំបន់មួយនៅចន្លោះទន្លេធំ និងទន្លេសាប ។ ខេត្តអាសន្ទុកជាចំណុចយុទ្ធសាស្ត្រទ្រនាប់ទប់មិនឲ្យកងទ័ពព្រះបាទ អង្គចន្ទរាជាអាចវាយប្រហារដល់រាជធានីទួលបាសាន្ត និងស្រឡប់ដូនតីពិជ័យព្រៃនគរបានភ្លាមៗដោយផ្ទាល់ ។ ការបាត់បង់ខេត្តនេះហើយដែលធ្វើឲ្យព្រះស្រីជេដ្ឋាត្រូវបាត់បង់ បន្ទាយខេត្តកំពង់សៀមជាបន្តបន្ទាប់ ។
បន្ទាយកំពង់សៀម ក៏ជាចំណុចសំខាន់មួយដែរសម្រាប់ទប់ទល់ខ្មាំងមកពីទិសខាងលិច និងទិសខាងជើង ជាច្រកទ្វារត្រួតពិនិត្យតាមទន្លេធំ ការចេញចូលចុះឡើងពីស្ទឹងត្រែង ក្រចេះ មកទួលបាសាន្ត និងភ្នំពេញ ហើយទួលបាសាន្តជាចំណុចយុទ្ធសាស្ត្រការពារចុងក្រោយរបស់ស្ដេចកន ដើម្បីចាំទប់ទល់នឹងទ័ពព្រះអង្គចន្ទរាជា ហើយនិងជាកំពែងចុងក្រោយការពារព្រះរាជធានីស្រឡប់ដូនតី ពិជ័យព្រៃនគរ ។
ចំណុចយុទ្ធសាស្ត្រទាំងប៉ុន្មានដែលយើងនិយាយខាងលើ យើងមានជំនឿជឿជាក់ថា បុព្វបុរសខ្មែរយើងសម័យមុនដែលជាអ្នកដឹកនាំគ្រប់គ្រងប្រទេសជាតិ សុទ្ធតែបានដឹងទាំងអស់គ្នា ។ ដូច្នេះហើយបានជាព្រះស្រីជេដ្ឋាស្ដេចកន កាលបើព្រះអង្គទ្រង់ជ្រាបថា ព្រះបាទអង្គចន្ទរាជាលើកទ័ពមកច្បាំងដណ្ដើមយកទឹកដី ព្រះអង្គបានបញ្ជូនកងទ័ពពលទាហានទៅវាយប្រហារទប់ទល់នៅខេត្ត ពោធិ៍សាត់ បន្ទាប់មកក្រគរ លង្វែក ក្រាំងពន្លៃ ភ្នំពេញ និងកំពង់សៀម គឺនៅពេលដែលព្រះអង្គទប់ទល់ថែរក្សាចំណុចយុទ្ធសាស្ត្រទាំងនេះមិនបាន សម្រេច ទើបព្រះអង្គត្រូវបរាជ័យរហូតដល់អស់ព្រះជន្ម ។
ចំណុចយុទ្ធសាស្ត្រទាំងនេះ បើតាមទស្សនៈរបស់យើង មិនមែនទើបតែមានតម្លៃក្លាយទៅជាដង្ហើមប្រទេសកម្ពុជាក្នុងយុគសម័យ ក្រោយអង្គរទេ ។ ចំណុចយុទ្ធសាស្ត្រនេះកើតមានមកតាំងតែពីសម័យប្រវត្តិសាស្ត្រ ខ្មែរ ។ ទិដ្ឋភាពនេះ យើងរឹងរឹតតែច្បាស់ទៀតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ក្នុងចុង សតវត្សទី៨ ដើមសតវត្សទី៩ ហើយនិងក្នុងសម័យកាលជាបន្តបន្ទាប់មកទៀត ។ ជាពិសេសគឺភ្នំពេញ និងលង្វែកដែលជាច្រកទ្វារចេញចូលទៅមហានគរនៅសៀមរាប ។
ទស្សនៈទាំងប៉ុន្មានដែលយើងបានលើកយកមកនិយាយ វែកញែក សិក្សានៅផ្នែកខាងដើម គ្រាន់តែជាការកត់សម្គាល់ ការពិចារណា និងសន្និដ្ឋាន គឺលេចចេញពីការសិក្សាស្រាវជ្រាវទៅតាមឯកសារផ្សេងៗ និងទៅតាមការចុះទៅស្រាវជ្រាវពិនិត្យផ្ទាល់លើទឹកដីដែលជាប់ទាក់ទង នឹងព្រះស្រីជេដ្ឋាស្ដេចកន ។ អាថ៌កំបាំងប្រវត្តិព្រះស្ដេចកន និងទឹកដីព្រះអង្គនៅមានសេសសល់ជាច្រើនទៀតដែលយើងស្វែងរកពុំទាន់ ឃើញ ។
តែអ្វីដែលយើងបានឃើញ និងចាប់អារម្មណ៍គឺនៅក្នុងរាជ្យព្រះស្រីជេដ្ឋាព្រះស្ដេចកន យើងបានស្គាល់ព្រះអង្គជាព្រះមហាក្សត្រទី១ក្នុងប្រវត្តិសាស្ត្រ ខ្មែរដែលលើកយកបញ្ហាសិទ្ធិសេរីភាព និងការតស៊ូវណ្ណៈ មកនិយាយ និងអនុវត្តរំលំព្រះមហាក្សត្រព្រះស្រីសុគន្ធបទជាដំបូងបង្អស់ ។ បើយើងប្រៀបធៀបផ្ទឹមនឹងប្រទេសនៅទ្វីបអឺរ៉ុប យើងអាចនិយាយបានថា ទ្រឹស្ដីគំនិតទស្សនៈរបស់ព្រះអង្គមានលក្ខណៈឈានមុខលឿនគួរឲ្យ គោរព ។ នៅប្រទេសទាំងនោះ គេចាប់ផ្ដើមនិយាយអំពីសិទ្ធិមនុស្ស និងសេរីភាពក្នុងសតវត្សទី១៨ ជាពិសេសនៅប្រទេសបារាំង គេបានចាប់ផ្ដើមចាប់អារម្មណ៍លើកយកបញ្ហាសិទ្ធិ និងសេរីភាពមកនិយាយ បកស្រាយ ក្នុងសតវត្សទី១៨តែប៉ុណ្ណោះ ។ ដូច្នេះហើយ ទើបបានជាគេដាក់ឈ្មោះឲ្យសតវត្សទី១៨ជាសតវត្សនៃពន្លឺ ឬជាសតវត្សទស្សនវិទូបាននាំមកនូវទ្រឹស្ដី និងទស្សនៈថ្មីដែលជំរុញឲ្យមានការរំលំរបបរាជានិយមនៅប្រទេសបារាំង (គ.ស១៧៨៩) ហើយរីករាលដាលពេញទ្វីបអឺរ៉ុប ។
ចំណែក កាល់ ម៉ាក្ស បាននិយាយអំពីការតស៊ូវណ្ណៈនៅចុងសតវត្សទី១៩ប៉ុណ្ណោះ ហើយទ្រឹស្ដី ម៉ាកស៊ីស ត្រូវបានប្រទេសតូចធំមួយចំនួនយកមកអនុវត្ត ផ្លាស់ប្ដូរគ្រប់ទិដ្ឋភាពក្នុងសង្គមជាតិ ធ្វើឲ្យមានសង្គ្រាម និងបដិវត្តគ្រប់ទិសទីក្នុងពិភពលោក ។
ដូចនេះ យើងកត់សម្គាល់ឃើញថា ទ្រឹស្ដីទស្សនៈនយោបាយព្រះស្រីជេដ្ឋាព្រះស្ដេចកនស្ដីអំពីសិទ្ធិ សេរីភាព និងការតស៊ូវណ្ណៈ កើតមានមុនប្រទេសនៅអឺរ៉ុបទាំងនោះតាំងតែពីសតវត្សទី១៦មក ម្ល៉េះ ។ ទ្រឹស្ដីនយោបាយនេះត្រូវបានព្រះអង្គយកមកអនុវត្តយ៉ាងពិស្ដារក្នុង ការគ្រប់គ្រងប្រទេសជាតិបានដោយជោគជ័យ ។ ឯការឡើងសោយរាជសម្បត្តិរបស់ព្រះអង្គ មិនមែនជាការចៃដន្យនោះឡើយ ។ ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយនោះ គឺទ្រឹស្ដីនយោបាយដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លារបស់ព្រះអង្គ ពុំមានអ្នកទទួលមរតកបន្តវេនសាបព្រោះដល់សង្គមខ្មែរជំនាន់ ក្រោយ ។ ឯកូនខ្មែរជំនាន់ក្រោយក៏ពុំបានចាប់អារម្មណ៍យល់ថា ខ្មែរធ្លាប់មាននយោបាយប្រជាធិបតេយ្យប្រជាជនមួយមុនគេដែរ ។
អ្វីដែលយើងគួរកត់សម្គាល់ទៀតនោះ គឺក្នុងរាជ្យព្រះអង្គ ព្រះអង្គបានឲ្យតម្លៃខ្ពស់ទៅលើទស្សនៈយោបល់របស់ ប្រជានុរាស្ត្រ ។ ព្រះអង្គចេះស្ដាប់រាស្ត្រតូចតាច ហើយយកពាក្យសម្ដីទាំងនោះមកពិចារណា ត្រិះរិះគិតគូររករូបមន្ត ឬមធ្យោបាយដោះស្រាយសម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិទាំង មូល ។
តាមឯកសារប្រវត្តិសាស្ត្រដដែល បានបញ្ជាក់ថា ព្រះបាទស្រីជេដ្ឋាព្រះស្ដេចកនគឺជាព្រះមហាក្សត្រខ្មែរទី១ដែល បង្កើតឲ្យមានការប្រើប្រាស់ប្រាក់លុយកាក់ជាលើកដំបូង ។ នេះអាចជាជំហានមួយយ៉ាងធំឈានជើងឆ្ពោះទៅរកសេដ្ឋកិច្ចទំនើបដូច ដែលមាននៅទ្វីបអឺរ៉ុប ។
មិនតែប៉ុណ្ណោះ ពង្សាវតារខ្មែរ ជាពិសេសពង្សាវតារវត្តទឹកវិល បានកត់ត្រាសរសេរបញ្ជាក់យ៉ាងច្បាស់ថាព្រះអង្គបានយកចិត្តទុកដាក់ ចេះរៀបចំ ៖
- រចនាសម្ព័ន្ធគ្រប់គ្រងសាសនា
- រចនាសម្ព័ន្ធគ្រប់គ្រងប្រទេសជាតិ មាននាម៉ឺនមុខមន្ត្រី សេនាទាហាន
- ជ្រើសរើស ប្រមូលអ្នកប្រាជ្ញបណ្ឌិត សាស្ត្រាចារ្យ អ្នកមានថ្វីដៃ ចេះសិល្បសាស្ត្រ សម្រាប់ធ្វើជាជង្រុកចំណេះវិជ្ជា បណ្ដុះបណ្ដាលធនធានមនុស្ស និងថែរក្សាវប្បធម៌ជាតិ
- កែប្រែធ្វើទម្រង់ច្បាប់ដើម្បីឲ្យមានយុត្តិធម៌ និងការពារប្រជានុរាស្ត្រ
- បើក ឲ្យមានការទាក់ទងយ៉ាងទូលាយជាមួយប្រទេសជាច្រើនទៀតក្នុងតំបន់ដែល ជាសក្ខីភាពថា ប្រទេសខ្មែរមិនមែនបិទជិត ឬមិនចំហទៅលើពិភពលោកនោះឡើយ ។ ទំនាក់ទំនងអន្តរជាតិអាចមានជាហូរហែ តែយើងពុំអាចដឹងបានដោយសារខ្វះឯកសារ ។
ទិដ្ឋភាពទាំងអស់នេះដែលយើងកត់សម្គាល់បាននៅក្នុងរាជ្យព្រះស្រីជេដ្ឋា ព្រះស្ដេចកនបានបង្ហាញបញ្ជាក់ថា សង្គមជាតិខ្មែរក្រោមការគ្រប់គ្រងរបស់ព្រះអង្គបានធ្វើបដិវត្តមួយ យ៉ាងធំ ផ្លាស់ប្ដូររបបរាជានិយម និងនាំមកនូវអ្វីជាថ្មី ជាច្រើនដល់សង្គមជាតិ ។ តែការអនុវត្ត និងលទ្ធផលចុងក្រោយ គេពុំបានឃើញទេដោយសារតែមានសង្គ្រាមរ៉ាំរ៉ៃជាមួយព្រះអង្គចន្ទរាជា និងជាពិសេសដោយសារអ្នកចងក្រងប្រវត្តិសាស្ត្របានបំភ្លេចចោលជ្រុង សំខាន់ៗជាច្រើននៃព្រឹត្តិការណ៍ជាតិ ៕
អត្ថបទពាក់ព័ន្ធៈ
ព្រះរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរ
ព្រឹត្តិការណ៍ហ្លួងព្រះស្ដេចកនតាមឯកសារមហាបុរសខ្មែរ
Monks


Group
Puthichak IT
buddha dharma monk
BuddhaChak IT
Cambodia4World
Bokator Cambodia
Monk Cambodia
Economic Buddhism
Lbokator Khmer
Housewife Khmer
Kun Lbokator
Preap News
Sampeah News
Kampuchea Chef
Thol Un Cambodia
