ភ្លេងប្រពៃណីខ្មែរ Wednesday, January 7, 2026
ភ្លេងជាសិល្បៈមួយប្រភេទដែលអាចបំបាត់ ការអផ្សុក ឬការហត់នឿយបានមួយគ្រាដែរ ។ អ្នកខ្លះនិយមស្ដាប់ភ្លេងបុរាណ ខ្លះនិយមស្ដាប់ភ្លេងសម័យ ។
នៅប្រទេសខ្មែរ ការប្រគំភ្លេងគឺជាការចាំបាច់សម្រាប់ញ៉ាំងបរិយាកាសក្នុងពីធី បុណ្យទាន ពិធីទំនៀមទន្លាប់ផ្សេងៗឲ្យមានសភាពលន្លង់លន្លោច រីករាយរុងរឿង ឬអឹកធឹកឡើង ។ នៅស្រុកខ្មែរ ភ្លេងដែលគេនិយមប្រើតាំងពីបុរាណមកមានច្រើនប្រភេទណាស់ ៖
ក. ភ្លេងពិណពាទ្យ
គេហៅភ្លេងនេះថា ពិណពាទ្យ មកពីក្នុងក្រុមភ្លេងនេះ គេប្រើពិណចាប់ផ្ដើមមុនគេ ។ មានអ្នកខ្លះហៅភ្លេងពិណពាទ្យនេះដោយភ័នច្រឡំថាភ្លេងសៀម តាមការពិតសៀមយកពីខ្មែរយើងទៅវិញទេ ។ សៀមហៅភ្លេងពិណពាទ្យនេះថា ប៉ីពាទ្យ (ពិផាត) ដោយពីដើមគេប្រើប៉ី ឬស្រឡៃនាំមុខគេ ។ តាមលោក ឈិម ក្រសេម បានឲ្យដឹងថា ភ្លេងពិណពាទ្យនេះមានកំណើតមកពីប្រទេសឥណ្ឌាតាំងពីព្រេងនាយ ហើយត្រូវបានខ្មែរយើងកែប្រែផ្លាស់ប្ដូរថែមថយគ្រឿងភ្លេងឲ្យក្លាយ មកជារបស់ខ្មែរ ។ គេបានរៀបភ្លេងពិណពាទ្យជាពីរវង់គឺៈ ពិណពាទ្យវង់តូច (មានប្រដាប់ ៥ គ្រឿង) និងពិណពាទ្យវង់ធំ (មានប្រដាប់ ១០គ្រឿង) ។ នៅក្នុងព្រះរាជវាំងមានភ្លេងពិណពាទ្យពិសេសមួយបែបហៅថា ក្រុមមហោរីព្រះរាជទ្រព្យ (មានគ្រឿងចម្រុះច្រើនបែបយ៉ាងរហូតដល់ ១៦ គ្រឿង) ។
នៅប្រទេសខ្មែរយើង គេលេងភ្លេងពិណពាទ្យកំដររបាំបុរាណក្នុងពិធីបួងសួង (បន់ស្រន់ លាបំណន់) ពិធីក្នុងសាសនា (បុណ្យកឋិន បំបួសនាគ ផ្កាប្រាក់ ពុទ្ធាភិសេក…) និងអាចលេងក្នុងពិធីកំដរបុណ្យសព ។
ខ. ភ្លេងអារក្ខ
គឺភ្លេងដែលប្រគំក្នុងការបញ្ចូលខ្មោចព្រាយបិសាច អារក្ខ អ្នកតា ។ កាលណាមានមនុស្សឈឺ ហើយបើចង់ដឹងអំពីបុព្វហេតុនៃជម្ងឺ គេលែងភ្លេងអារក្ខដើម្បីបញ្ចូលខ្មោច លៀងខ្មោច ។ ក្រៅពីប្រើក្នុងការបញ្ចូលខ្មោច និងលៀងខ្មោច គេអាចប្រើក្នុងការឡើងអ្នកតាដែរ ។
តាមការស្រាវជ្រាវរបស់ក្រុមប្រជុំទំនៀមទម្លាប់ (លោក ជឹម ឈុំ) បានឲ្យដឹងថាភ្លេងអារក្ខនេះមានកំណើតមកពីក្មេងលេងបាយឡុកបាយ ឡ ។ មានរឿងដំណាលតៗគ្នាថា នៅក្នុងភូមិមួយមានក្មេងប្រុសស្រីជាច្រើនបានប្រជុំគ្នាលេងដោយ មានអ្នកខ្លះធ្វើជាភ្ញៀវ ខ្លះធ្វើជាកូន ហើយនាំគ្នាផឹកស៊ីស្រឹងដេកដួលស្រែកហ៊ោកញ្ជ្រៀវសប្បាយរាល់ៗ ថ្ងៃ ។ លុះលេងយូរទៅក៏វក់លេងទាំងយប់ទាំងថ្ងៃភ្លេចបាយទឹក ដេកពួន ឪពុកម្ដាយឃាត់យ៉ាងណាក៏ពុំស្ដាប់ ។ ដោយឃើញហេតុចម្លែកយ៉ាងនេះ ចាស់ៗក៏នឹកថាប្រហែលជាមានខ្មោចព្រាយអ្វីមកពង្វក់ចិត្តក្មេង ទាំងនេះ ហើយទើបនាំគ្នាបន់ស្រន់ឡើង ។ នៅពេលដែលគេនឹកនារកខ្លួន ពេលនោះខ្មោចក៏ឆ្លៀតឱកាសចូលមកសន្ធិតក្នុងខ្លួនក្មេងម្នាក់ភ្លាម ហើយបញ្ជាឲ្យចាស់ៗទាំងនោះរៀបសំណែនដោយមានលេងភ្លេងថ្វាយពួកគេ ផង ។ លុះបានផឹកស៊ីឆ្អែតស្កប់ស្កល់ហើយ ខ្មោចក៏ចាកចេញពីរូបក្មេងនោះទៅ ឯពួកក្មេងក៏ឈប់វក់លេងដូចមុនទៀត ។ ចាប់ពីពេលនោះមកចាស់ៗក៏មានជំនឿព្រមទាំងយកខ្មោចជាទីគោរព ទីពឹងក្នុងគ្រាមានភ័យអាសន្ន ។
គ. ភ្លេងខ្មែរ
ជាភ្លេងមង្គល ហេតុនេះហើយបានជាគេលេងតែក្នុងពិធីដែលជាមង្គល ដូចជា ពិធីបញ្ចេញម្លប់កូនស្រី ពិធីមង្គលការ ជាដើម ។ ភ្លេងខ្មែរដែលលេងក្នុងពិធីមង្គលនិមួយៗមិនត្រឹមតែញ៉ាំងឲ្យ បរិយាកាសឲ្យអឹកធឹកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសិរីសួស្ដីជ័យមង្គលថែមទៀតផង ដែលចាស់ទុំខ្លះបានប្រកាន់ជឿយ៉ាងខ្ជាប់ខ្ជួន ។ ភ្លេងខ្មែរសម្រាប់ពិធីមង្គលការមានច្រើនបទណាស់សម្រាប់កំដរក្នុង កម្មវិធីនិមួយៗ ដូចជា បទហែកូនកម្លោះចូលរោង ហែកំណត់ ស៊ីស្លាថង់រង កាត់សក់ សែនក្រុងពាលី កូនប្រុសសំពះពេលា កូនស្រីចេញផ្ទឹម ចងដៃ បង្វិលពពិល… ។
បទភ្លេងខ្មែរខ្លះមានទំនាក់ទំនងទៅនឹងរឿងព្រេងរបស់ខ្មែរ ដូចជា បទខ្ទោរ ខ្នងភ្នំ របងរមាស បន្ទាយប្រសាទ ជ្រង ជ្រងស្រងាត់ ទ្រាំង ដោះក្រាល កន្លេង លេងនៅពេលលៀងភោជនាហារថ្ងៃត្រង់ (ក្រោយពេលស៊ីស្លាកំណត់) ដោយយកតម្រាប់តាមតាដុងយាយជ័យ ដែលឲ្យអ្នកភ្លេងលេងបទទាំងនេះថ្វាយអ្នកតាព្រៃដើម្បីលាមាត់លា កគាត់កាលដែលបន់ស្រន់នៅក្នុងព្រៃ ហើយវង្វេងផ្លូវនៅពេលដែលគាត់ធ្វើដំណើរទៅរៀបការកូនស្រី ។ បទព្រះថោងនាងនាគដែលប្រើលេងនៅពេលសំពះផ្ទឹមកើតមានឡើងក្នុង រជ្ជកាលព្រះថោង (ហ៊ុន ទៀន) ដែលជាបឋមក្សត្រខ្មែរ ។ ព្រះអង្គបានរៀបអភិសេកជាមួយនឹងនាងទាវតី (លីវយី) ដែលជាបុត្រីស្ដេចភូជង្គនាគ លុះរៀបការនៅឋានមនុស្សលោករួចហើយ ស្ដេចភូជង្គនាគបាននាំព្រះថោងទៅជប់លៀងនៅឋានបាតាលម្ដង ទៀត ។ ដោយព្រះថោងពុំចេះវិជ្ជាជ្រែកទឹក គេឲ្យព្រះថោងតោងកន្ទុយនាងនាគទើបអាចចុះទៅបាន ។
អាស្រ័យដូចមានរឿងរាវខាងលើនេះ ទើបគេនិយមលេងបទព្រះថោងនាងនាគរហូតមក ព្រមទាំងមានទំនៀមឲ្យកូនកម្លោះតោងជាយស្បៃកូនស្រីចូលក្នុង បន្ទប់ទៀតផង ។
ឃ. ភ្លេងឆៃយ៉ាំ
គេលេងភ្លេងឆៃយ៉ាំតែក្នុងពិធីណាដែលជាទីរីករាយដូចជា លេងកំដរពិធីបុណ្យកឋិន បុណ្យផ្កា បំបួសនាគ ជាដើម ។ ភ្លេងឆៃយ៉ាំគឺជាភ្លេងដែលរំភើបសប្បាយខុសប្លែកពីភ្លេងឯ ទៀត ។ គេមិនទាន់បានដឹងច្បាស់លាស់នូវឡើយទេអំពីកំណើតនៃភ្លេងឆៃយ៉ាំ នេះ ។
ដោយសារចង្វាក់ភ្លេងមានលក្ខណៈលោតភ្ញាក់ៗ អ្នកខ្លះក៏យល់ថាភ្លេងឆៃយ៉ាំនេះទំនងជាមានកំណើតមកពីមនុស្ស ជំនាន់ដើមដែលតែងតែមានសភាពភ្ញាក់ផ្អើលក្លាចរអើលប្រៀបបាននឹង សត្វព្រៃភ្ញាក់ផ្អើលពេលឃើញមនុស្ស ។ អ្នកខ្លះទៀតយល់ថាមនុស្សនៅពេលដែលធ្វើកិច្ចការអ្វីមួយបានទទួល ជោគជ័យ តែងតែសប្បាយយ៉ាងខ្លាំងហើយក៏បង្កើតភ្លេងឆៃយ៉ាំនេះឡើងដើម្បី រំលឹកនូវជ័យជំនះនោះ ។
ង. ភ្លេងមហោរី
ជាភ្លេងប្រជាប្រិយដែលមានលក្ខណៈស្រាលជាងភ្លេង ពិណពាទ្យ ។ គេមិននិយមលេងភ្លេងមហោរីកំដរពិធីបុណ្យទានផ្ទាល់ទេ ប៉ុន្តែគេលេងកំដរបរិយាកាសបានដែរ ។ ជាទូទៅ គេលេងភ្លេងមហោរីកំដរល្ខោនមហោរី ។
ច. ភ្លេងគងស្គរ
គឺជាភ្លេងដែលមានសភាពស្រងេះស្រងោចលន្លង់លន្លោច ហេតុនេះហើយបានជាគេលេងតែពេលមានមនុស្សស្លាប់ ឬនៅពេលធ្វើបុណ្យលើកសព ។ ភ្លេងគងស្គរនេះកើតមានឡើងក្នុងរជ្ជកាលព្រះបាទត្រសក់ផ្អែម ព្រះអង្គឲ្យអ្នកភ្លេងលេងបទនេះឡើងដើម្បីរំលឹកនូវសម្លេងសត្វយំ សព្វបែបយ៉ាងលាយឡំនឹងស្នូរខ្យល់ ភ្លៀង ផ្គររន្ទះកាលដែលព្រះអង្គធ្លាប់បានស្ដាប់ទាំងយប់ទាំងថ្ងៃពេល ដែលនៅជាម្ចាស់ចំការត្រសក់ផ្អែមនៅឡើយ ។ អ្នកខ្លះហៅភ្លេងគងស្គរថាភ្លេង ទាំមូង ឬ កន្ធ្រាំមូង ។
ឆ. ភ្លេងក្លងឆ្នាក់
ភ្លេងក្លងឆ្នាក់មានសភាពស្រងេះស្រងោចណាស់ គេលេងភ្លេងនេះកំដរបុណ្យសព ហែសព និងបូជាសព ។ អ្នកខ្លះហៅភ្លេងក្លងឆ្នាក់តាមសៀមថា ក្លងខែក ដែលមានន័យថា ភ្លេងស្គរជ្វា ។
ជ. ភ្លេងស្គរយោល
ជាភ្លេងរបស់កងទ័ពដែលព្យួរនៅលើខ្នងដំរី ។ លុះមកដល់សម័យបច្ចុប្បន្ននេះ គេយកភ្លេងស្គរយោលសម្រាប់កំដរបុណ្យសព និងកំដរពិធីប្រដាល់ដោយសេរី (គុនខ្មែរ) ។
ឈ. ភ្លេងប៉ីកែវ
គឺជាភ្លេងមួយដែលឋិតនៅក្នុងក្រុមភ្លេងព្រះរាជទ្រព្យ ។ តាមសេចក្ដីរាយការណ៍របស់លោក បាន តេង គ្រូនៃក្រុមភ្លេងព្រះរាជទ្រព្យបានឲ្យដឹងថា ភ្លេងប៉ីកែវនេះគេប្រើលេងនៅពេលចាក់ទឹកដូងថ្វាយព្រះបិដរ (សែនដូនតា) នៅក្នុងព្រះរាជវាំង ។
យោបល់រួម
តាមការរៀបរាប់រួចមកហើយនេះ បានបង្ហាញឲ្យឃើញថា ភ្លេងបុរាណខ្មែរមានច្រើនប្រភេទច្រើនវង់ ហើយវង់និមួយៗមិនមែនចេះតែយកទៅប្រគំលេងបានគ្រប់ពេលវេលានោះទេ គឺវាមានលក្ខណៈពិសេសរបស់វា តម្រូវទៅតាមកម្មវិធីបុណ្យទាន ពិធីផ្សេងៗថែមទៀតផង ។ ឯតម្លៃរបស់ភ្លេងនិមួយៗគឺឋិតនៅត្រង់ចង្វាក់ភ្លេងសមស្របទៅនឹង កិច្ចការដែលមនុស្សខ្មែរតែងប្រព្រឹត្ត គឺមិនលឿនពេកមិនយឺតពេក មានសភាពធម្មតា ទុក្ខសោក ស្រងេះស្រងោច លន្លង់លន្លោច សប្បាយរីករាយ ។ បទភ្លេងខ្មែរមានសូរស័ព្ទរងំ ស្ដាប់យូរទៅកាន់តែពិរោះៗឡើងៗ ហើយបទនិមួយៗសុទ្ធតែមានខ្លឹមសារ មិនមែនតែងឡើងដើម្បីគ្រាន់តែពិរោះស្ដាប់ ឬបញ្ចើចបញ្ចើឥតន័យនោះឡើយ ៕
ប្រភពអត្ថបទៈ មេរៀនមុខវិជ្ជាអរិយធម៌ របស់អ្នកគ្រូ តាំង ជួន វិទ្យាល័យមង្គលបូរី ប.ជ
Monks


Group
Puthichak IT
buddha dharma monk
BuddhaChak IT
Cambodia4World
Bokator Cambodia
Monk Cambodia
Economic Buddhism
Lbokator Khmer
Housewife Khmer
Kun Lbokator
Preap News
Sampeah News
Kampuchea Chef
Thol Un Cambodia
